ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចូលរួមកិច្ចប្រជុំជាមួយអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការបច្ចេកទេសជាន់ខ្ពស់ នៃធនាគារអភិវឌ្ឍន៍ឥស្លាម


ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស, ជាបេសកជនពិសេសរបស់កម្ពុជាប្រចាំនៅអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងជាប្រធានអង្គការដៃគូរបស់ធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) ប្រចាំនៅកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ជាមួយលោក Aminuddin Mat Ariff អ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការបច្ចេកទេសជាន់ខ្ពស់ និងនាយកដ្ឋានអភិវឌ្ឍន៍សមត្ថភាពរបស់ធនាគារអភិវឌ្ឍន៍ឥស្លាម ដែលកិច្ចប្រជុំធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ conference។

កិច្ចប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃ១០ ខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីស្វែងយល់ពីសក្ដានុពល ក្នុងការបង្កើនទំនាក់ទំនងជាមួយដៃគូកម្ពុជា តាមរយៈការប្រមូលធនធាន និងភាពជាដៃគូជាមួយវិស័យឯកជន ឆ្ពោះទៅវិនិយោគនៅកម្ពុជា។

សូមជម្រាបថា ធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) ដែលជាធនាគាររបស់បណ្ដាប្រទេស ជាសមាជិកនៃអង្គការ សហប្រតិបត្តិការឥស្លាម (OIC) ដែលមាន៥៧ប្រទេស ជាសមាជិក និងមានស្នាក់ការកណ្ដាល នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) ក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតបញ្ញវន្តមុស្លិមកម្ពុជាសរុបចំនួន១០៥នាក់ ក្នុងនោះមានស្រី៤២នាក់ និងមាន ២៤ជំនាញខុសៗគ្នា ដោយគិតមកដល់សព្វថ្ងៃនេះ បានបញ្ចប់ការសិក្សា ៩៤នាក់ (ស្រី៣៥នាក់) ក្នុងនោះសិក្សាក្នុងប្រទេសមានចំនួន ៥៣នាក់ (ស្រី១៩នាក់) សិក្សានៅប្រទេសឥណ្ឌូនេសុី ៣៣នាក់ (ស្រី១២នាក់) និងសិក្សាប្រទេសប៉ាគីស្ថាន ០១នាក់។

អ្នកកំពុងបន្តការសិក្សាក្រោមអាហារូបករណ៍នៃ ធនាគារខាងលើមានចំនួន១១នាក់ ស្រី០៧នាក់ សិក្សានៅក្នុងប្រទេសកម្ពុជា។ គិតមកត្រឹមបច្ចុប្បន្ននេះមាន ០៧នាក់ ដែលជាអតីត និសិ្សតអាហារូបករណ៍ខាងលើ បានក្លាយជាអ្នកនយោបាយ នៅក្នុងប្រទេសកម្ពុជាផងដែរ។ លើសពីនោះទៀតនោះ ធនាគារអភិវឌ្ឍន៍ឥស្លាម ក៏បានជួយសាងសង់សាលារៀនជាច្រើនខ្នងដល់សហគមន៍ឥស្លាមកម្ពុជា ដូចជានៅមជ្ឈមណ្ឌលឥស្លាមកម្ពុជា និងនៅតាមបណ្ដារាជធានី-ខេត្ត ផ្សេងៗជាច្រើនទៀតផងដែរ៕