មន្រ្តីជាន់ខ្ពស់សង្គមកិច្ច៖ រាជរដ្ឋាភិបាលចាត់ទុកទិវាមនុស្សចាស់កម្ពុជា ជាទិវាបុណ្យរំលឹកដល់គុណូបការៈរបស់មនុស្សវ័យចាស់កម្ពុជា


លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលចាត់ទុកទិវាមនុស្សចាស់កម្ពុជា ជាទិវាបុណ្យរំលឹកដល់គុណូបការៈរបស់មនុស្សវ័យចាស់កម្ពុជា ដែលបានកសាង និងបន្សល់ទុកនូវកេរមរតកសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។

លោកបានលើកឡើងបែបនេះ​ខណៈលោក អញ្ជើញចូលរួមក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០២២ ក្រោមប្រធានបទ «មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ» នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីអភិបាលរងខេត្តត្បូងឃ្មុំ ប្រធាននាយកដ្ឋាន លោកប្រធានមន្ទីរសង្គមកិច្ច ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

លោក តូច ចាន់នី បានលើកឡើងថា សម្រាប់ការប្រារព្ធទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០២២នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ បានសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិ ដែលពាក់ព័ន្ធដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ឲ្យបានទូលំទូលាយ។

មន្រ្តីជាន់ខ្ពស់សង្គមកិច្ចរូបនេះ បានបន្ថែមថា គោលបំណងនៃការប្រារព្ធទិវានេះ គឺដើម្បីលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាពសសំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឲ្យកាន់តែល្អប្រសើរឡើង ហើយទិវានេះ ក៏បង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្ធការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹងចំណេះធ្វើ និងបទពិសោធន៍ឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ៕