អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានក្រើនរំលឹកដល់ មន្ត្រីរាជការទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ ក្នុងការរៀនសូត្របន្ថែម និងចាប់យកឱ្យបាននូវការផ្លាស់ប្តូររបៀបធ្វើការងារថ្មី តាមឱ្យទាន់សម័យកាល និង កាលៈទេសៈនៃការវិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីថល ដែលជាគន្លងការងារថ្មីរបស់រាជរដ្ឋាភិបាល នៅក្នុងការរៀបចំរដ្ឋាភិបាលឌីជីថល។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្រើនរំលឹកបែបនេះ ធ្វើឡើងនៅក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តនីតិវិធីអនុវត្ត ចំណាយថវិកាចរន្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំងស្រុង ក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន ជាផ្លូវការ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបន្តថា ស្របពេលដែលប្រព័ន្ធ FMIS ត្រូវបានពង្រីកការប្រើប្រាស់ជាបន្តបន្ទាប់នៅតាមការដ្ឋាន សំខាន់ៗ ដែលជាដំណាក់កាលនីមួយៗនៃនីតិវិធី។
លោកថែមទាំងបានដាក់ចេញនូវបទបញ្ជាបន្ថែមយ៉ាងម៉ឺងម៉ាត់ ឱ្យក្រុមការងារគ្រប់គ្រងគម្រោង FMIS និងភាគីពាក់ព័ន្ធ រួមសហការគ្នា ពន្លឿនការសិក្សា និងជំរុញឱ្យបាននូវការយកប្រព័ន្ធ FMIS ដែលកំពុងប្រើប្រាស់នេះ មកប្រើប្រាស់ឱ្យបានជាអតិបរមា នូវលទ្ធភាព និង សក្ដានុពលនៃមុខងារប្រព័ន្ធ ក្នុងការប្រែក្លាយនីតិវិធីអនុវត្តការងារបច្ចុប្បន្ន ដែលអនុវត្តដោយដៃផង ដោយប្រព័ន្ធផង ទៅជានីតិវិធីថ្មីដែលអនុវត្តតាមប្រព័ន្ធទាំងស្រុង ដែលមិនមានចរាចរឯកសារជាក្រដាសឡើយ។
អគ្គបណ្ឌិតសភាចារ្យមានប្រសាសន៍បន្តថា ប្រព័ន្ធ FMIS គឺជាឧបករណ៍ស្នូលមិនអាចខ្វះបាន ក្នុងការគាំទ្រដល់ដំណើរការ នៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅក្នុងដំណាក់កាលនីមួយៗ ។ ចាប់តាំងពីការអនុវត្តគម្រោង FMIS ជំហានទី១ រហូតមកដល់បច្ចុប្បន្ននេះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួង-ស្ថាប័នទាំងអស់, អគ្គនាយកដ្ឋានជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, រតនាគាររាជធានី-ខេត្ត និងរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ រួមទាំងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ជូនឯកសារឌីជីថល FMIS Portal ជំនាន់ទី១ នៅរដ្ឋបាលស្រុកចំនួន ៧៥ និង ឃុំចំនួន ១៨៥។
អគ្គបណ្ឌិតសភាចារ្យ គូសបញ្ជាក់ទៀតថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែបន្តមហិច្ឆតាពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធ FMIS បន្ថែមទៀត រហូតដល់អង្គភាពអនុវត្តថវិការដ្ឋនៅគ្រប់ទិសទី ដែលនៅសេសសល់ នៅទូទាំងប្រទេស ស្របពេលជាមួយគ្នានឹងការធ្វើបរិវត្តកម្មឌីជីថលថ្មីៗបន្ថែមទៀត ជាមួយនឹងការប្រែក្លាយនីតិវិធីអនុវត្តការងារនានា តាមបែបឌីជីថល ឬ និយាយឱ្យខ្លី លុបបំបាត់នូវការងារដោយដៃលើឯកសារជាក្រដាស មកជាការធ្វើការងារតាមប្រព័ន្ធឌីជីថលទាំងស្រុង»។
អគ្គបណ្ឌិតសភាចារ្យ បន្ថែមថា ប្រព័ន្ធ FMIS បានផ្ដល់ផលចំណេញ និងអត្ថប្រយោជន៍ជាច្រើន ក្នុងការអនុវត្តថវិការដ្ឋ ជាអាទិ៍ ចំណេញពេលច្រើន តាមរយៈការកាត់បន្ថយជំហាន និងការធ្វើដំណើរ, ការកាត់បន្ថយចំណាយរដ្ឋបាល ដោយមិនមានប្រើប្រាស់ឯកសារជាក្រដាស, ការប្រើប្រាស់ធនធានមនុស្សតិច, ការមិនចាំបាច់មានអ្នករត់ការ, ការមានមូលដ្ឋានតាមដានច្បាស់លាស់ និង ការត្រួតពិនិត្យត្រឹមត្រូវ ព្រមទាំងការផ្ដល់នូវមូលដ្ឋាន សម្រាប់ ការវាយតម្លៃសមិទ្ធកម្មបន្ថែមទៀត៕