រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានវាយតម្លៃថាជា រដ្ឋបាលថ្នាក់ក្រោមជាតិដំបូងគេ ដែលបានប្រើប្រាស់ប្រព័ន្ធវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ (PEFA) ដែលជាប្រព័ន្ធគ្រប់គ្រងថវិកាជាលក្ខណៈអន្តរជាតិ និងអាចធ្វើជាគំរូដល់ស្ថាប័នថ្នាក់ក្រោមជាតិដទៃទៀត ក្នុងការអនុវត្តប្រព័ន្ធនេះដើម្បីឈានទៅពង្រឹងការគ្រប់គ្រងប្រព័ន្ធថវិកានៃអង្គភាពរដ្ឋនីមួយៗ ឱ្យកាន់តែមានប្រសិទ្ធភាព។
រដ្ឋបាលសាលារាជធានីភ្នំពេញ បានទទួលនូវ «ការទទួលស្គាល់ជាផ្លូវការ ឬហៅថា PEFA Check» ពីលេខាធិការដ្ឋាន PEFA នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ និងទទួលបានការអនុម័តពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងជាអគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានលើកសរសើររដ្ឋបាលរាជធានីភ្នំពេញ ដែលបានអនុវត្តប្រព័ន្ធនេះដែលជារបកគំហើញមួយ មានលក្ខណៈវិជ្ជមាន ហើយសង្ឃឹមថា រាជធានីភ្នំពេញនឹងដើរតួនាទីសំខាន់មួយ សំរាប់កែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាគំរូ សំរាប់យកទៅអនុវត្តនៅខេត្ត ក្រុង ផ្សេងៗទៀត។
ឯកឧត្តមបានគូសបញ្ជាក់ថា ក្របខណ្ឌPEFA ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយមានប្រទេសជាង១៥០ ទូទាំងពិភពលោក ដើម្បីវាយតម្លៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលបំណងកំណត់ភាពខ្លាំង និងភាពខ្សោយ នៃប្រព័ន្ធ ដើម្បីជាធាតុចូលសម្រាប់ធ្វើការកែទម្រង់ការគ្រប់គ្រងហិរញវត្ថុសាធារណៈជាដំណាក់កាលៗស្របតាមទិសដៅនៃការងារអទិភាពដែលបានកំណត់ , ស្តង់ដារ និងឧត្តមានុវត្តអន្តរជាតិ។
ឯកឧត្តម រស់ សីលវ៉ា បន្ថែមថា សម្រាប់លទ្ធផលនៃការវាយតម្លៃការអនុវត្តរបស់រដ្ឋបាលរាជាធានីភ្នំពេញបាន បង្ហាញថា សូចនាករចំនួន៤ ក្នុងចំណោម ៣៤ ទទួលបានពិន្ទុ «A»ឬ«B» ដែលស្របទៅនឹងការអនុវត្តល្អជាអន្តរជាតិ ,សូចនាករចំនួន៦ ទទួលបានពិន្ទុ «c»ឬ«c+» ដែលបង្ហាញពីភាពស្របទៅនឹងមូលដ្ឋាមានសង្គតិភាពជាមួយការអនុវត្តអន្តរជាតិ ហើយសូចនាករចំនួន១៨ ទទួលបានពិន្ទុ «D» ឬ «D+» ដែលបង្ហាញពីភាពខ្សោយនៃការអនុវត្ត។
ឯកឧត្តម រស់ សីលវ៉ា មានប្រសាសន៍បន្តថា «ផ្អែកលើលទ្ធផលនៃការវាយតម្លៃ PEFA រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់រាជធានីភ្នំពេញ ត្រូវបានបំពាក់ និងដាក់ឱ្យអនុវត្តនៅរដ្ឋបាលរាជធានីភ្នំពេញ តែភាពលំដាប់លំដោយចាំបាច់ត្រូវបន្តធ្វើការកែទម្រង់បន្ថែមទៀត ដើម្បីឱ្យស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ និងនិយាយដោយឡែក ស្របតាមយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥»។
ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលរដ្ឋាភិបាលបានដាក់ចេញ ដើម្បីប្រើប្រាស់ឱ្យអស់សក្តានុភាព និងកាលានុវត្តភាពទាំងឡាយដែលមាន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានភាពច្បាស់លាស់ ចំទិសដៅ ទាន់សភាពការណ៍ ឆ្លើយតបទៅតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដំណើរវិវត្តនៃសង្គម សេដ្ឋកិច្ច និងនយោបាយ។
ឯកឧត្តមបន្តថា ការរៀបចំ និងផ្សព្វផ្សាយរបាយការណ៍ការណ៍វាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ(PEFA) សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ដែលបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីភាពជាម្ចាស់ការគ្រប់គ្រង វាយតម្លៃ និងប្រើប្រាស់លទ្ធផលវាយតម្លៃនេះ៕