លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តកម្មវិធីអប់រំសុខភាពភ្នែកនៅតាមគ្រឹះស្ថានសិក្សាសំដៅចូលរួមចំណែកការកាត់បន្ថយភាពពិការភ្នែក ដែលអាចបង្ការបានប្រកបដោយលទ្ធផលល្អប្រសើរ និងបានសហការជាមួយអ្នកពាក់ព័ន្ធនានា ក្នុងការវាស់គំហើញសិស្សនៅតាមគ្រឹះស្ថានសិក្សា ក្នុងគោលបំណងស្តារគំហើញរបស់សិស្សានុសិស្សដែលបញ្ហាខ្សោយគំហើញ ដើម្បីឱ្យពួកគេ មានលទ្ធភាពសិក្សារៀនសូត្រពេញលេញ។
លោកជំទាវ គឹម សេដ្ឋានី បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឪកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ដែលបានធ្វើឡើងក្រោមប្រធានបទ «ស្រលាញ់ភ្នែករបស់អ្នក» ដោយមានការចូលរួមពីលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ពុត សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ លោក បាក់ តូក្យូ តំណាងមូលនិធិហ្វតហូឡូ រួមទាំងមានប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម តំណាងកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល តំណាងក្រសួងកិច្ចការនារី អង្គភាពពាក់ព័ន្ធ និងតំណាងមន្ទីរអប់រំយុវជន និងកីឡា និងលោកគូអ្នកគ្រូ និងសិស្សនុសិស្សសាលាបឋមសិក្សាអង្គរបាន ជាច្រើនរូបទៀតផងដែរ។
លោកជំទាវ គឹម សេដ្ឋានី បានបន្ថែមថា នៅក្នុងឆ្នាំ២០២២នេះ ចំនួនរាជធានីខេត្តមាន១៦ ចំនួនសាលាមាន៦៦១ ដែលបានទទួលការបណ្តុះបណ្តាលសុខភាពភ្នែក គ្រូបង្គោលមានចំនួន ១ ៩៨៣នាក់ សិស្សដែលបានវាស់គំហើញ ៣៩៨,៨៥៦ ចំនួនសិស្សដែលមានបញ្ហាដែលត្រូវបញ្ជូនមាន១៣ខេត្ត ចំនួនសិស្ស ៤ ៨៨០នាក់។
បើតាមលោកជំទាវ គឹម សេដ្ឋានី ការអប់រំសុខភាព និងអប់រំពីអនាម័យជាប្រចាំនៅតាមសាលារៀន នឹងធ្វើឱ្យកុមារមានការផ្លាស់ប្ដូរទៅរករបៀបរស់នៅដែលមានអនាម័យល្អប្រសើរនៅតាមគ្រួសារ។ កង្វះអនាម័យក្នុងជីវិតរស់នៅប្រចាំថ្ងៃ គឺជាមូលហេតុចម្បងធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់កុមារបង្កឱ្យឆ្លងដង្កូវពួន និងធ្វើឱ្យកុមារមានភាពស្លេកស្លាំង ឈានទៅកង្វះអាហារូបត្ថ ប្រឈមនឹងភាពក្រិន បន្ទុចបង្អាក់ដំណើរការលូតលាស់របស់កុមា ទាំងផ្នែករាងកាយ និងស្មារតីដោយសារជំងឺ រាករូស ជំងឺផ្លូវដង្ហើមស្រួចស្រាល់ ជំងឺក្រិន ជំងឺខ្វះអាហារូបត្ថម្ភ និងជំងឺភ្នែកក្រហមជាដើម។
ជាមួយគ្នានោះ ដើម្បីឱ្យទិវាសុខភាពភ្នែកពិភពលោក ប្រព្រឹត្តយ៉ាងឧឡារិក និងផុលផុស លោកស្រី គឹម សេដ្ឋានី ក៏បានណែនាំឳ្យលោក លោកស្រី ប្រធានមន្ទីរ ធ្វើការណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចូលរួមប្រារព្ធទិវានេះ ដោយកំណត់យក ថ្ងៃណាមួយក្នុងខែតុលា ចាប់ពីឆ្នាំ២០២២នេះតទៅ ដើម្បីធ្វើការផ្សព្វផ្សាយសារអប់រំពីការថែទាំសុខភាពភ្នែកដល់អ្នកសិក្សា និងបុគ្គលិកអប់រំតាមគ្រប់រូបភាព។
លោកជំទាវ បានអះអាងដែរថា ចាប់ពីឆ្នាំ២០២២នេះតទៅ ក្រសួងអប់រំ យុវជន និងកីឡា សូមស្វាគមន៍ដោយរីករាយចំពោះបណ្តាប្រទេសជាមិត្តរបស់កម្ពុជា ក៏ដូចជាដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ ក្នុងការចូលរួមសកម្មភាពការពិនិត្យសុខភាព ការអប់រំសុខភាព និងអនាម័យនៅតាមសាលារៀន ព្រោះការវិនិយោគជាមួយវិស័យអប់រំ នឹងបានផលចំណេញយ៉ាងច្រើនសម្រាប់សង្គមកម្ពុជាទាំងមូលនាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ៕