ឯកឧត្តម គួច វែងស្រ៊ុន និងឯកឧត្តម ស៊ិន វុទ្ធី ចុះត្រួតពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងទឹកជំនន់នៅខេត្តកំពត


ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយឯកឧត្តម ស៊ិន វុទ្ធី អគ្គនាយកកិច្ចការរដ្ឋបាល និងមន្ត្រីបច្ចេកទេសរបស់ក្រសួង បានចុះត្រួតពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងទឹកជំនន់នៅខេត្តកំពត ។
នៅក្នុងការចុះពិនិត្យនោះ ក្រុមការងារបានពិនិត្យឃើញថា ៖
១. ស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្ត្រនានា មានការកើនឡើង ក្នុងនោះប្រព័ន្ធស្ទឹងកែវ ទឹកបានហក់ឡើងលើសកំរិតតំកល់ ០,១៥ ម៉ែត្រ ។
២. ស្ថានភាពទឹកព្រែកកំពង់បាយ ក្រុងកំពត ទឹកមិនទាន់ឡើងដល់កំរិតដែលត្រូវប្រកាសឱ្យប្រយ័ត្ននៅឡើយ ។
៣. ស្ថានភាពជំនន់នៅស្រុកទឹកឈូ មកទល់វេលាល្ងាចនេះ ទឹកបានស្រកចុះ ០,៣០ ម៉ែត្រ បើធៀបនឹងម៉ោង ៨ ព្រឹកមិញ ។ ក្នុងករណីពុំមានភ្លៀងបន្តធ្លាក់នៅផ្នែកខាងលើ ទឹកនឹងស្រកចុះអស់វិញ ក្នុងរយៈ ២-៣ ថ្ងៃខាងមុខ ។ ជំនន់នេះ ពុំបានបង្កឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ ហើយដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ក៏មិនទាន់មានការខូចខាតដែរ ។
ជារួម ស្ថានភាពទឹកជំនន់នៅខេត្តកំពត បានធូរស្រាលបន្តិចហើយ ឯស្ថានភាពភ្លៀងធ្លាក់ក៏មានការថមថយផងដែរ ។