អភិបាលខេត្តកំពង់ធំ និងប្រជាពលរដ្ឋ ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ស្បៀងបន្ទាន់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន


ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ស្បៀងបន្ទាន់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក៏ដូចជាប៉ះពាល់ដំណាំស្រូវ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅស្រុកតាំងគោក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានលើកឡើងថា ដោយសារមានការយកចិត្តទុកដាក់ និងគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានផ្ដល់ស្បៀង ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងមានជីវភាពខ្វះខាត ចំនួន៣៥០គ្រួសារ មកពី៥ឃុំ ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ដែរថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ធំ បានធ្វើឲ្យប៉ះពាល់០៩ក្រុងស្រុក មានការលិចដំណាំស្រូវ រហូតតម្រូវឲ្យគាត់ចេញពីផ្ទះ ជម្លៀសទៅរកទីទួលសុវត្ថិភាព ឬទៅផ្ទះបងប្អូនដែលមានសុវត្ថិភាព ដើម្បីចៀសពីគ្រោះថ្នាក់ផ្សេងៗ។

ឯកឧត្តម សូមថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់ជាមួយនឹងអាយុជីវិតប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ អាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីហានិភ័យនៃទឹកជំនន់ និងបានដាក់កម្លាំងប្រចាំការនៅកន្លែងណាដែលមានទឹកហូរដាច់ផ្លូវ ទឹកហូរខ្លាំង គឺមានកម្លាំងឈរប្រចាំការជួយសម្រួលចរាចរណ៍ឱ្យមានសុវត្ថិភាព។ ក្រុមការងារភូមិ/ឃុំក៏បានធ្វើរបាយការណ៍ មករដ្ឋបាលខេត្ត ពីបញ្ហាដែលប្រជាពលរដ្ឋជួបបញ្ហា ដើម្បីស្នើសុំផ្តល់ស្បៀងបន្ទាន់បម្រុងរបស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងគ្រួសារដែលមានជីវភាពខ្វះខាតឲ្យចំគោលដៅ ឱ្យបានទាន់ពេលវេលា។

ឯកឧត្តមបានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នានៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋាន និងស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ចុះឈ្មោះបោះឆ្នោត ហើយអ្នកប្ដូរទីកន្លែងបោះឆ្នោត សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៣៥០គ្រួសារដែលរងគ្រោះដោយទឹកជំនន់ក្នុងមួយគ្រួសារទទួលបាន អង្ករ០១បេ មី០១កេស  ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ  ត្រីខ០១យួរ ទឹកបរិសុទ្ធ០១កេសផងដែរ៕