សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ រិះរកមធ្យោបាយធ្វើកសិកម្មជូនប្រជាកសិករ ដើម្បីបង្កើននូវផលចំណេញ


ក្នុងឱកាសបន្ដអញ្ជើញចែកស្រូវពូជ និងសំណេះសំណាល ជាមួយប្រជាកសិករប្រមាណ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រិះរកមធ្យោបាយផ្សេងធ្វើយ៉ាងណា ប្រែក្លាយការធ្វើកសិកម្មរបស់ប្រជាកសិករ ដើម្បីបង្កើននូវផលចំណេញ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ការកែប្រែនេះរាប់ទាំងបច្ចេកទេស នៃការធ្វើកសិកម្ម ក្នុងនោះរួមមាន ការធ្វើដី, ការព្រួសស្រូវ, ការដាក់ជី និងការថែទាំជាដើម ដែលទាំងអស់នេះសម្ដេចបានណែនាំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្នដឹកនាំដោយឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដើម្បីសិក្សាលទ្ធភាពកែប្រែស្ថានភាពការធ្វើកសិកម្មរបស់ប្រជាកសិករ ដែលធ្លាប់តែធ្វើតាមបែបទំនៀមទម្លាប់។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី មានប្រសាសន៍យ៉ាងដូច្នេះថា «ភារកិច្ចខាងផ្នែកកសិកម្មនៅពេលខាងមុខនេះ មិនមែនគ្រាន់តែដំណើរការធម្មតាផលិតធម្មតាទេ ក៏ប៉ុន្ដែជាដំណើរការផលិតធ្វើយ៉ាងមិចឲ្យប្រជាជនមានប្រាក់ចំណេញ។ សូម្បីតែបច្ចេកទេស នៃការព្រួស និងការដាក់ជី»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ការងារនេះមិនមែនតម្រូវធ្វើតែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែម្នាក់ឯងនោះទេ ពោលត្រូវរួមគំនិតគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងនោះរួមមានទាំងវិស័យឯកជន និងប្រជាពលរដ្ឋជាដើម។ សម្ដេចបន្ដថា ក្នុងករណីមានការចាំបាច់ ត្រូវលើកសំណើដាក់ជូនរាជរដ្ឋាភិបាល ដើម្បីបង្កើនគំនិតផ្ដួចផ្ដើមដាក់ចេញជាគោលនយោបាយ និងឈានដល់ការកំណត់តំបន់ដើម្បីផលិតពូជស្រូវតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ការរៀបចំកំណត់តំបន់ដើម្បីផលិតពូជស្រូវនេះ ងាយស្រួលក្នុងការឧបត្ថម្ភជូនប្រជាកសិករ នៅពេលមានតម្រូវការបន្ទាន់ ជាក់ស្ដែងដូចស្ថានភាពទឹកជំនន់នៅពេលនេះ ដែលរដ្ឋត្រូវធានាដល់ការផ្គត់ផ្គង់ពូជស្រូវជូនដល់ប្រជាកសិករ ដើម្បីស្ដារឡើងវិញនូវកសិផលរបស់ខ្លួន។

សម្ដេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាល ដែលកំពុងមមាញឹកក្នុងការចុះជួបកសិករ ដែលរងនូវផលប៉ះពាល់ និងចែកនូវស្បៀងសង្គ្រោះបន្ទាន់រួមទាំង ពូជស្រូវដែរនោះ ក៏បានណែនាំដល់រដ្ឋមន្ដ្រីក្រសួងកសិកម្ម ពិចារណក្នុងការផលិតពូជស្រូវដោយខ្លួនឯងផងដែរ ដើម្បីផ្ដល់ជូនប្រជាកសិករ ដែលការផលិតដោយខ្លួនឯងនេះ គឺធានាថាពូជស្រូវសុទ្ធល្អ ជាងដែលទិញនាំចូលពីបរទេស។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការជឿជាក់ថា ផលស្រូវល្អ គឺផ្ដើមចេញពីពូជស្រូវតែម្ដង។ បើតាមសម្ដេចតេជោ នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជា មានស្រូវពូជគ្រប់គ្រាន់ដើម្បីចែកជូនប្រជាកសិករដែលរងនូវផលប៉ះពាល់៕