សម្តេចតេជោ ហ៊ុន សែន៖ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេស សង្ឃឹមថា ខែកក្កដា ឆ្នាំ២០២៣ បងប្អូននឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីធានាឲ្យបាននូវសន្តិភាព។

ថ្លែងក្នុងឱកាស អញ្ជើញចែកស្រូវពូជជូនប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ នៅខេត្តបាត់ដំបង សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែង មាននៅពេលប្រជាពលរដ្ឋមានទុក្ខលំបាក គណបក្សប្រជាជនកម្ពុជារត់រកបងប្អូន មិនចាំបាច់ភ័យព្រួយនោះទេ។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវសន្តិភាពពេញលេញ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋពីសង្គ្រាម។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «សម័យនេះជាសម័យសន្តិភាព។ ចេញដំណើរម៉ោង១ ឬម៉ោង២ អត់មានការបាញ់គ្នា (ដូចអតីតកាលទេ)។ យើងឆ្លងកាត់សង្គ្រាមទាំងអស់គ្នា។ ឥឡូវ យើងមានសន្តិភាពហើយ អញ្ចឹងយើងត្រូវរួមគ្នា ការពារសន្តិភាពនេះ ឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ។ ចំណុចនេះ ដើម្បីធានាថារក្សាសន្តិភាព ជម្រើសតែមួយគត់ គឺបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ គណបក្សគ្រប់គ្រងអំណាច គឺរកសន្តិភាពឲ្យប្រទេសបាន សម្រាប់ការពារជីវិតបងប្អូន។ សង្ឃឹមថា ខែកក្កដា ឆ្នាំ២០២៣ (បងប្អូន) បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត»

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់នាពេលកន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ជាមូលដ្ឋានជោគជ័យសម្រាប់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣៕