សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម សិក្សាផលិតពូជស្រូវឲ្យបានសុទ្ធល្អ សម្រាប់កសិករបង្កបង្កើនបានផលខ្ពស់


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានណែនាំឱ្យលោក ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ពិចារណាផលិតពូជស្រូវ សម្រាប់ទុកជូនប្រជាកសិករ ដើម្បីឲ្យពួកគាត់បង្កបង្កើនផល ទទួលបានទិន្នផលខ្ពស់។

សម្តេចតេជោ បានផ្តល់ជាយោបល់ដល់ក្រសួងកសិកម្ម ធ្វើការសិក្សាផលិតពូជស្រូវទៅតាមតំបន់ ដើម្បីឲ្យត្រូវទៅនឹងស្ថានភាពដីនៅតំបន់នោះ ហើយការផលិតពូជស្រូវនេះ រដ្ឋអាចសហការជាមួយប្រជាកសិករ ដោយធ្វើកិច្ចសន្យាឲ្យពួកគាត់ផលិតនូវពូជដែលរដ្ឋត្រូវការ និងលក់ឲ្យមករដ្ឋវិញ ពេលប្រមូលផល។ ការណ៍នេះ មិនចាំបាច់រដ្ឋត្រូវមានផ្ទៃដីផលិតខ្លួនឯងឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទិន្នផលនៃការបង្កើនផលរបស់ប្រជាកសិករ ក៏ផ្តើមចេញពីការប្រើពូជត្រឹមត្រូវ ដែលបញ្ហានេះ សម្តេចបានចំណាយពេលសឹងពាក់កណ្តាលជីវិត ដើម្បីកែប្រែឥរិយាបទរបស់ប្រជាជន អំពីការប្រើប្រាស់ពូជនេះ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងសំណេះសំណាល ជាមួយប្រជាកសិករប្រមាណ ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏សុំយកឱកាសនេះ រំលឹកទៅដល់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យើងគួររកវិធីសាស្ត្រ រករូបមន្តណាមួយដែលសមស្រប សម្រាប់ការផលិតពូជស្រូវ ក៏ដូចជាពូជដំណាំ ពិសេសផ្តោតលើការផលិតពូជស្រូវ ព្រោះថាយើងសព្វថ្ងៃនេះ ពេលដែលបញ្ចេញពូជអស់ យើងទៅទិញពូជយកមក មិនប្រាដកថាពូជនោះវាសុទ្ធល្អទេ អីចឹងចាំបាច់យើងដកពិសោធន៍ពីមួយឆ្នាំទៅមួយឆ្នាំ យើងដកពិសោធន៍ហើយ ដូច្នេះចាំបាច់ត្រូវរៀបចំដើម្បីឲ្យមានការផលិតពូជស្រូវ ដោយចាប់ផ្តើមពីគំនិតផ្តួចផ្តើមរបស់រដ្ឋ ដែលត្រូវការប្រមូលទិញផង ហើយអាចនឹងប្រជាពលរដ្ឋរបស់យើងទិញពូជសុទ្ធ ឬក៏យកស្រូវទៅដូរជាមួយស្រូវពូជ»

សម្តេចបញ្ជាក់បន្ថែមថា «យើងមិនចាំបាច់ទៅរកដី ដើម្បីផលិតពូជខ្លួនឯងទេ ប្រជាពលរដ្ឋរបស់យើងគាត់ផលិតស្រូវស្រាប់ហើយ យើងគ្រាន់តែជ្រើសរើសតំបន់ណាមួយ ដែលមានប្រភពទឹកគ្រប់គ្រាន់ យើងដាក់ពូជដែលល្អ សម្រាប់ឲ្យគាត់ផលិតពូជនោះឲ្យយើងតែម្តង ហើយយើងទិញយកពីគាត់មកស្តុក ធ្វើយ៉ាងដូច្នេះធានាថា ថ្ងៃក្រោយយើងមានលទ្ធភាពផ្គត់ផ្គង់ពូជស្រូវ ដែលស្របតាមតំបន់នីមួយៗ»

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា នៅពេលរដ្ឋមានពូជស្រូវល្អ ប្រជាពលរដ្ឋអាចយកស្រូវ របស់ពួកគាត់មកដូរជាមួយស្រូវពូជរបស់រដ្ឋបាន ហើយរដ្ឋត្រូវដូរពូជជូនឲ្យគាត់។

សម្តេចតេជោបញ្ជាក់ជាថ្មីម្តងទៀតថា ក្នុងរដ្ឋាភិបាលដែលសម្តេចដឹកនាំនឹងមិនឲ្យគេដៀលថា «អាអត់ពូជទេ» ដែលអត់ពូជត្រង់នេះ គឺសំដៅអត់ពូជស្រូវ ពូជដំណាំ មិនមែនសំដៅដល់ពូជអំបូរឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ធានាបាននូវស្រូវពូជគ្រប់គ្រាន់ សម្រាប់ចែកជូនប្រជាកសិករ ក្នុងករណីមានគ្រោះធម្មជាតិកើតឡើង ដូចជាគ្រោះទឹកជំនន់ក្នុងឆ្នាំ២០២២នេះជាដើម។

សម្តេចបញ្ជាក់ថា គ្រោះទឹកជំនន់ឆ្នាំនេះ រាជរដ្ឋាភិបាលបានបញ្ជាក់ស្រូវពូជ សម្រាប់ជូនអន្តរាគមន៍ដល់កសិករចំនួនជាង ៧ពាន់តោនហើយ ដើម្បីឲ្យកសិករអាចស្តារឡើងវិញ ក្នុងពេលឆាប់រហ័ស៕