ឯកឧត្តម វេង សាខុន អនុញ្ញាឲ្យលោកជំទាវ រូតស៍ ស្ទូវ៉ាត ជាប្រធានបេសកកម្មនៃស្ថានទូតអូស្រ្តា លី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម


នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអនុញ្ញាឲ្យលោកជំទាវ រូតស៍ ស្ទូវ៉ាត ជាប្រធានបេសកកម្មនៃស្ថានទូតអូស្រ្តា លី ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារនិង ជម្រាបជូនពីលទ្ធផលនៃការអនុវត្តគម្រោងស្តីពីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា(Cambodia Agricultural Value Change Program-CAVAC)។
នាឪកាសនេះលោកជំទាវបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបពីសមិទ្ធផលនិងការវិវត្តន៍របស់គម្រោងដែលបានអនុវត្តកន្លងមកផ្តោតជាសំខាន់ទៅលើការងារស្រាវជ្រាវ ការងារផ្សព្វផ្សាយ ប្រព័ន្ធផលិតកម្មស្រូវពូជ គម្រោងគាំទ្រវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) គម្រោងផ្សព្វផ្យាយកសិកម្មកម្ពុជា-អូស្រ្តាលី និង ជាពិសេសបានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្មដែលជាទុនក៏រឹងមាំក្នុងការកសាងនិងអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត។ ព្រមជាមួយនិងសមិទ្ធផលសំខាន់ៗដែលបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវបានលើកឡើងនូវបញ្ហាប្រឈម និងចំណុចខ្សោយមួយចំនួនដែលគម្រោងបានជួបប្រទះ នឹងយកមកពិភាក្សារកគន្លឹះដោះស្រាយជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីធ្វើការកែលម្អឲ្យបានប្រសើរ រួចចងក្រងទុកជាមេរៀន និងបទពិសោធន៍សម្រាប់គម្រោងបន្តបន្ទាប់ទៀត។
មានមតិស្វាគមន៍នាឪកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈស្ថានទូត និងលោកជំទាវផ្ទាល់ដែលបានគាំទ្រយ៉ាងពេញទំហឹងលើគ្រប់គម្រោងដែលពាក់ព័ន្ធនិងវិស័យ កសិកម្មតាំងពីឆ្នាំ១៩៨៧ រហូតមកទល់បច្ចុប្បន្ន។ ទាក់ទងនិងសកម្មភាពគម្រោង ឯកឧត្តមបានស្នើសុំលោកជំទាវមេត្តាពិនិត្យឲ្យបានស៊ីជំរៅលើចំណុចសំខាន់៣គឺទី១-រាល់គម្រោងបន្ទាប់ពីមានការបណ្តុះបណ្តាលពី បច្ចេកទេសជំនាញគួរតែមានគោលនយោបាលឧបត្ថម្ភទុនដើម្បីឲ្យប្រជាកសិករ ឬសមាជិកសហគមន៍អាចមានលទ្ធភាពបង្កើតមុខរបស់ថ្មី ពង្រឹងនិងពង្រីកផលិតភាពផលិតកម្មដែលពូកគាត់បាននិងកំពុងតែអនុវត្ត។ ទី២-គួរពិនិត្យលទ្ធភាពអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តខ្នាតតូច(ប្រព័ន្ធស្រោចស្រពដំណក់ទឹក) អាចជួយដល់ប្រជាកសិករមានលទ្ធភាពប្រើប្រាស់ និងអាចកាត់បន្ថយដ៏ធ្ងន់លើការចំណាយដើមទុនក្នុងការផលិតរបស់កសិករ ដើម្បីឈានទៅដល់ការប្រកួតប្រជែងតម្លៃផលិតជាមួយបរទេសជិតខាងបាននាពេលខាងមុខ។ ទី៣-គម្រោងគួរតែពិនិត្យលើលទ្ធភាពរបស់សិករដែលអាចពង្រីកផលិតភាពផលិតកម្មលើផ្ទៃដីដែលមានស្រាប់តាមរយៈការអនុវត្តបច្ចេកទេសបានត្រឹមត្រូវ ការគាំទ្រទុន ដើម្បីធានាបាននូវគុណភាព សុវត្ថិភាពផលិតផលឆ្លើយតបបានតាមតម្រូវការទីផ្សារទាំងក្នុងនិងក្រៅស្រុក ដែលអាចឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
ជាកិច្ចឆ្លើយតប ក្នុងឱកាសនោះលោកជំទាវ រូតស៍ ស្ទូវ៉ាត បានទទួលយកនូវសំណូមពររបស់ឯកឧត្តមរដ្ឋមន្រ្តី ហើយសន្យាថាសហការរៀបចំដាក់បញ្ចូលសកម្មភាពនេះឲ្យបានល្អ ទៅក្នុងផែនការសកម្មភាពនៅក្នុងគម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ជំហ៊ានទី២ ឲ្យទទួលបានជោគជ័យ។