អភិបាលខណ្ឌ៧មករា ដឹកនាំមន្ដ្រីរាជការ ចុះធ្វើអនាម័យបរិស្ថានតាមដងផ្លូវ ក្នុងឱកាសទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២


នៅក្នុងឱកាសអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំមន្ដ្រីរាជការសាលាខណ្ឌ សង្កាត់ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងបុគ្គលិកក្រុមហ៊ុនប្រមូលសំរាមជាច្រើននាក់ ចុះធ្វើអនាម័យ បរិស្ថានតាមដងផ្លូវក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ លោក ថេង សុថុល ក៏បានអានសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នែកម្ពុជា បានលើកឡើងថា ប្រធានបទឆ្នាំនេះ ពិតជាឆ្លើយតបនឹងសភាពការណ៍ទេសចរណ៍សកលលោក តំបន់ និងកម្ពុជា ដែលបាននិងកំពុងប្រឈមនឹងឧបសគ្គជាច្រើនស្មុគស្មាញប្រទាក់ក្រឡាគ្នា ដូចជាការបន្តអូសបន្លាយនៃជំងឺកូវីដ១៩, បញ្ហាសង្គ្រាមនៅអ៊ុយក្រែន, ការកើនឡើង នៃការបែងចែកប្លុក និងប្រព័ន្ធពហុប៉ូល, សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុជាដើម។

កត្តាទាំងនេះ បានធ្វើឲ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក, បន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល និងជាពិសេសធ្វើឲ្យសន្ទុះនៃការងើបឡើងវិញ នៃសេដ្ឋកិច្ច សកលលោក និងតំបន់មានការថមថយ គួរឲ្យកត់សម្គាល់ ដែលជាបច្ច័យអវិជ្ជមានដល់សន្ទុះកំណើនទេសចរណ៍ អន្តរជាតិផងដែរ។

សារលិខិតបន្តទៀតថា ការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យក្លាយជាទិសដៅដ៏ចម្បងមួយសម្រាប់កម្ពុជា គឺទាមទារឲ្យមានការគិតគួរបានគ្រប់ជ្រុងជ្រោយ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅ លើការធានាចីរភាពកំណើននៃវិស័យដ៍មានសារៈសំខាន់នេះ។

ចំណុចនេះ ទាមទារចាំបាច់ឲ្យមានការបន្តគិតគួរ លើការជំរុញពិពិធកម្ម គំនិតច្នៃប្រឌិត នវានុវត្តន៍ ដើម្បីធានាភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា នៅក្នុងកម្រិតតំបន់ និងសកលលោក។ ក្នុងន័យនេះ រាជរដ្ឋាភិបាលអំពាវនាវឲ្យមានការចូលរួម ឲ្យបានផុសផុលបន្ថែមទៀត ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាប័ទ ដើម្បីឲ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ។

ទន្ទឹមនេះ តាមរយៈបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏អាចដកស្រង់នូវមេរៀន និងបទពិសោធន៍ ដើម្បីជាកាលា នុវត្តភាព ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ប្រកបដោយភាពធន់នឹងវិបត្តិកាន់តែប្រសើរជាងមុន និងជាធាតុចូលដ៏សំខាន់ក្នុងការគិតគួរធ្វើការអភិវឌ្ឍ និងកែទម្រង់ស៊ីជម្រៅចំពោះអនាគតនៃវិស័យទេសចរណ៍ សម្រាប់ទាំងអស់គ្នា៕