លោកជំទាវបណ្ឌិត ម៉ែន សំអន និងនាយឧត្តមសេនីយ៍ សៅ សុខា ជួបសំណេះសំណាលជាមួយ​យោធិន ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង និងខេត្តកំពង់ចាមជិត៥០០នាក់


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច បាន​អញ្ជើញសំណេះសំណាល និងពិសារអាហារស្និទ្ធស្នាលជាមួយ នាយទាហានកំពុងបម្រើការងារនៅក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន យោធិនសោធននិវត្តន៍ យោធិនប្រភេទ២ អតីតយុទ្ធជន ដែលបានចូលបម្រើកងទ័ព នៅឆ្នាំ១៩៧៧-១៩៧៨ ជិត៥០០នាក់ ដែលមានស្រុកកំណើតនៅ ខេត្តស្វាយរៀង និងខេត្តកំពង់ចាម។ ពិធីនេះបានរៀបចំនៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា លោក លោកស្រី ដែលជាអតីតអ្នកប្រយុទ្ធដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ដែលកំពុងមានវត្តមាននាពេលនេះ គឺជាសាក្សីរស់ដែលបានបញ្ជាក់យ៉ាងពិតប្រាកដថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំការតស៊ូររំដោះជាតិ និងប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងការបំផ្លាញត់តាំងនយោបាយនិងយោធាខ្មែរក្រហម។

លោកជំទាវបានបន្តថា ការកសាងប្រទេសជាតិពីបាតដៃទទេនៃគំនរផេះផង់ដែលបន្សល់ទុកពីសង្គ្រាមលោក លោកស្រី ដែលមានវត្តមាននៅទីនេះ គឺសុទ្ធសឹងជាប្រតិបត្តិករបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជានាំមកនូវសន្តិភាព រហូតក្លាយជាប្រទេសមានសន្តិភាពពេញបរិបូរណ៍រំដោះប្រជាជាតិកម្ពុជាចេញពីភាពក្រីក្រហើយបាននឹងកំពុងបន្តការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃនេះ ជាពិសេស សមិទ្ធផលថ្មីៗលើសមរភូមិប្រយុទ្ធជំងឺកូវីដ-១៩ ដែលជាមូលដ្ឋានគ្រឹះក្នុងការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យនិងការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មីនាពេលនេះ។

បន្ថែមលើសពីនេះ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានគំនិតដ៏ វិសេសវិសាល ក្នុងការផ្តួចផ្តើម និងរៀបចំពិធីសំណេះសំណាលជាប្រវត្តិសាស្ត្រនេះឡើងបន្ទាប់ពីឆ្លងកាត់រយៈពេល៤៥ឆ្នាំ នៃការបំពេញភារកិច្ចបម្រើជាតិមាតុភូមិដ៏ឧត្តុង្គឧត្តម សំដៅរំលឹកឡើងវិញនូវប្រវត្តិតស៊ូ និងស្នាដៃ ក៏ដូចជាការធ្វើបច្ចុប្បន្នភាព កម្មាភិបាលនិងអតីតយុទ្ធជន មានអតីតភាពបានចូលបម្រើកងទ័ពកាលពីឆ្នាំ ១៩៧៧-៧៨ ដែលបានចូលរួមក្នុងបេសកកម្មបម្រើជាតិមាតុភូមិនារយៈពេលកន្លងមក។

ជាចុងក្រោយបន្ទាប់ពិធីសំណេះសំណាលចប់ គឺមានការពិសារអាហារសាមគ្គី និងថតរូបជាមួយគ្នា ប្រកបដោយបរិយាកាសស្និទ្ធិស្នាល និងរីករាយជាទីបំផុត៕