រដ្ឋបាលរាជធានីភ្នំពេញ ចុះប្រគល់ប្លង់រឹងជូនដល់ដៃពលរដ្ឋ៤២១គ្រួសារ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ


ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានចុះដឹកនាំមន្ត្រីជំនាញចុះប្រគល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនដល់ដៃរបស់ប្រជាពលរដ្ឋចំនួន៤២១គ្រួសារ ស្ថិតនៅភូមិអក្សរ និងភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ខណៈពិធីនេះធ្វើឡើងក្នុងបរិវេណវត្តអរុណវតី។

ឯកឧត្តមអភិបាលរងរាជធានី បានលើកឡើងចាត់ទុកការប្រគល់ប្លង់រឹងសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋខាងលើនេះ ជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅថែមមួយកម្រិតទៀតលើការគ្រប់គ្រង់ដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋជាកម្មសិទ្ធិករ ក្នុងការយកទៅប្រើប្រាស់លើការប្រកបអាជីវកម្មផ្សេងៗតាមតម្រូវការចាំបាច់ ឬក៏អាចធ្វើប្រទានកម្មដល់កូនចៅផងដែរ។

ឯកឧត្តម ឃ្លាំង ហួត បានស្នើសុំឱ្យប្រជាពលរដ្ឋដែលទទួលបានប្លង់រឹងទាំងនោះត្រូវថែរក្សាការពារឱ្យបានល្អ ព្រោះថាវាធានាបាននូវភាពកក់ក្តៅ សុវត្ថិភាព និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ លើសពីនេះក៏ជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងនូវការរំលោភបំពានលើដីធ្លី។ មិនតែប៉ុណ្ណោះ ប្លង់រឹងនេះក៏អាចផ្តល់លទ្ធភាពប្រើប្រាស់តាមច្បាប់ ឬយកទៅដាក់ធានាក្នុងការខ្ចីលុយពីធនាគារយកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗទៀតបានដែរ។

ឯកឧត្តម ឃ្លាំង ហួត ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋយកបណ្ណកម្មនេះទៅប្រើប្រាស់ដោយការពិចារណាឱ្យបានត្រឹមត្រូវសម្រាប់ជាឧត្តមប្រយោជន៍ដល់គ្រួសារ ដាច់ខាតមិនត្រូវយកបណ្ណនេះទៅប្រើប្រាស់ក្នុងអប្បាយមុខ ដែលនាំឱ្យមានមហន្តរាយដល់ខ្លួនឯង គ្រួសារ និងអនាគត់កូនចៅ ដោយលោកបានលើកជាប្រយោគមួយក្នុងន័យអបរំថា «បើភ្លើងឆេះផ្ទះអស់ យ៉ាងហោចណាស់ក៏នៅសល់ដីដែរ តែបើប្រព្រឹត្តល្បែងអប្រិយ វានាំឱ្យអស់ទាំងដី អស់ទាំងផ្ទះ ហើយឈានទៅព្រាត់ប្រាស់ក្រុមគ្រួសារ និងប៉ះពាល់ដល់ជោគវាសនាអនាគតកូនចៅរបស់ខ្លួនទៀតផង»។

នាឱកាសនោះ លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញបានលើកឡើងថា ការផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងសង្កាត់ត្រពាំងក្រសាំងនៅពេលនេះ គឺក្នុងដំណាក់កាលចុងក្រោយហើយ បន្ទាប់ពីការចុះបញ្ជីទាំង៥ដំណាក់កាល។

ចំពោះបណ្ណប្រព័ន្ធ ឬប្លង់រឹងនេះ លោកអនុប្រធានមន្ទីរបានអំពាវនាវសុំឲ្យមានការពិនិត្យមើលឲ្យបានច្បាស់លាស់ មុននឹងទិញ លក់ ឬដោះដូរអ្វីមួយ ព្រោះថាកន្លងមកមានជនខិលខូចមួយចំនួន មានការបន្លំ និងបោកប្រាស់ដល់ពលរដ្ឋដែលមិនមានការប្រុងប្រយ័ត្ន វាងាយស្រួលធ្វើឲ្យបងប្អូនចាញ់ឧបាយកលរបស់ពួកគេ។ ចំពោះអ្នកមិនទាន់បានប័ណ្ណនេះអាចមកទាក់ទង ឬសាកសួរព័ត៌មានជាមួយមន្រ្តីជំនាញនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីផ្ទាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ជាប់របងទីស្តីការគណៈរដ្ឋមន្រ្តីដោយផ្ទាល់។

លោកបានបន្តទៀតថា សម្រាប់ខណ្ឌពោធិ៍សែនជ័យមាន៧សង្កាត់ ក្នុងនោះ៦សង្កាត់គឺបានចុះបញ្ជីរួចរាល់១០០ភាគរយហើយ ចំពោះសង្កាត់ត្រពាំងក្រសាំងមាន១៣ភូមិ ហើយបានចែកបណ្ណបានចំនួន១១ភូមិរួមទាំងថ្ងៃនេះ នៅសល់២ភូមិទៀត មានភូមិវាលគឺបានបិទផ្សាយចប់សព្វគ្រប់ និងត្រៀមបោះពុម្ភបណ្ណ រីឯមួយភូមិទៀតត្រៀមប្រជុំកាត់ចំណីផ្លូវ និងបិទផ្សាយតាមក្រោយ។

នាពិធីនោះដែរ ឯកឧត្តមអភិបាលរង ឃ្លាំង ហួត បានជម្រាបបន្ថែមថា ក្រៅពីផ្តល់សារប្រយោជន៍សម្រាប់ប្រជាពលរដ្ឋហើយនោះ ការចុះបញ្ជីក្បាលដីនេះក៏បានផ្ដល់នូវសារប្រយោជន៍ពីរយ៉ាងដល់រដ្ឋផងដែរ នោះគឺផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសម្រួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប។ ម្យ៉ាងទៀត ការគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យអាជ្ញាធរគិតគូរប្រមូលចំណូលថវិកាជាតិ និងផ្ដល់លក្ខណៈងាយស្រួលក្នុងការជំរុញកិច្ចការវិនិយោគលើកស្ទួយសេដ្ឋកិច្ចជាតិឈានឡើងសម្បូរសប្បាយជូនប្រជាជាតិ និងប្រជាពលរដ្ឋកម្ពុជា៕