សម្តេចតេជោ ហ៊ុន សែន ចំអកថា ក្រុមប្រឆាំង ដែលមិនហ៊ានរំលឹកអតីតកាលរបស់កម្ពុជា «ស្មើនឹងអត់ស្គាល់ម៉ែឪខ្លួនឯង»


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរិះគន់ ដល់ក្រុមប្រឆាំង ដែលធ្វើនយោបាយ ដោយមិនហ៊ានរំលឹកដល់អតីតកាលដ៏កម្សត់របស់កម្ពុជា។

សម្តេចបានចាត់ទុកថា ការមិនហ៊ានរំលឹកអំពីអតីតកាលរបស់កម្ពុជានេះ ស្មើនឹងមិនស្គាល់ម្តាយឪពុករបស់ខ្លួន ដែលបានរួចផុតជីវិតពីការកាប់សម្លាប់ដោយរបប​ប៉ុលពត។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត RULE ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្លះគេនៅតែនិយាយថា ទៅរម្លឹកអីអតីតកាលហ្នឹង ទេ ! បើអ្នកមិនរម្លឹកអតីតកាល ស្មើនឹងអ្នកអត់ស្គាល់ម៉ែឪខ្លួនឯង ចេញពីត្រង់ណាមក»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្រោយបញ្ចប់សង្គ្រាម ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាំ ពុំទាន់មានអ្វីនោះឡើយ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានរថយន្តជិះរាប់លាននាក់ ហើយ​ក្រុមប្រឆាំងទក៏នៅតែជេររាជរដ្ឋាភិបាលទៀត។

សម្តេចបានបញ្ជាក់បន្ថែមថា៖ «មនុស្សដល់ថ្នាក់មិនស្គាល់អតីតកាលហើយ ស្មើនឹងមិនស្គាល់ម៉ែឪខ្លួនឯងចេញមកពីត្រង់ណា? រស់រៀនបានពីត្រង់ណា គាត់រត់លូនបែបណា ជំនាន់សម័យប៉ុលពតនោះ»

ទោះជាយ៉ាងណា សម្តេចបានអះអាងថា ក្រុមអ្នកប្រឆាំងនៅពេលដែលនៅរួមរស់ជាមួយគណបក្សរបស់គេគឺមិនរំលឹកអំពីអតីតកាលដ៏កម្សត់របស់កម្ពុជាទេ ប៉ុន្តែនៅពេលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាភ្លាម ក៏ចាប់ផ្តើមនឹកដល់រំលឹកដល់៧មករា ជាបន្តបន្ទាប់តែម្តង៕