សម្តេចតេជោ ហ៊ុន សែន៖ អាមេរិក ដឹករថយន្តមកដល់ហើយ សម្រាប់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក, នេះជាទម្លាប់របស់អាមេរិក មិនមែនសម្រាប់តែកម្ពុជាទេ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា សហរដ្ឋអាមេរិក បានដឹករថយន្តមកដល់ប្រទេសកម្ពុជាហើយ និងសម្ភារមួយចំនួនសម្រាប់ការពារប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលនឹងអញ្ជើញរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបញ្ជូនរថយន្ត និងសម្ភាការពារសន្តិសុខ របស់ប្រធានាធិបតីមកកាន់ប្រទេសណាមួយនោះ វាជាទម្លាប់របស់អាមេរិក មិនមែនសម្រាប់តែមកកម្ពុជាមួយនោះទេ។

ការឱ្យដឹងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សរុបជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយឡែកសម្រាប់បណ្តាថ្នាក់ដឹកនាំប្រទេសដទៃទៀត គឺប្រើប្រាស់រថយន្តដែលរៀបចំដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់ការមកជួបជុំគ្នានៅកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃប្រធានអាស៊ាន គឺមិនមែនជារឿងតូចតាចនោះទេ សម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្រមួយ។ ក៏ប៉ុន្តែ យើងត្រូវដឹងឱ្យច្បាស់ខ្លួនឯងថា ដោយសារតែប្រទេសមានសន្តិភាព ទើបមិត្តភក្តិហ៊ានមក ដោយសារតែប្រទេសយើង មិនមានសកម្មភាពវាយប្រហារភេរវកម្ម ដែលយើងការពារបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទើបមិត្តភក្តិរបស់យើងគាត់មកប្រជុំ សុទ្ធតែជាមហាអំណាច។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបឱ្យដឹងថា៖ «ពិតមែនហើយមកដល់ម៉ោងនេះយើងអត់បានទទួលព័ត៌មានពីការឆ្លើយតបរបស់ពីប្រធានាធិបតីរុស្ស៉ី លោក ពូទីន នោះទេសម្រាប់ការមកចូលរួមប្រជុំរវាងអាស៊ាន ជាមួយរុស្ស៉ី និងការប្រជុំអាស៊ីបូព៌ា ក៏ប៉ុន្តែ យ៉ាងណាយើងបានអញ្ជើញគាត់មកចូលរួមប្រជុំនៅទីនេះ»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាចនឹងខកខានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ព្រោះជាប់រវល់ជាមួយយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបារម្ភបញ្ហាប្រឈមមួយចំនួន។

គួរជម្រាបថា កាល់ពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ យន្តហោះ U.S Air Force របស់អាមេរិកចំនួន២គ្រឿង បានដឹកនាំរថយន្តចំនួន២គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់ការពារសុវត្ថិភាពជូនលោក ចូ បៃដិន។

សូមបញ្ជាក់ថា សេតវិមាន កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល UN ស្ដីពីការប្រែប្រួលអាកាសធាតុ COP27 នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះ មុននឹងបន្តបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី។

លោក បៃដិន នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ក្រោយមកទៀត ទើបលោកប្រធានាធិបតីអាមេរិករូបនេះ នឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

គួរបញ្ជាក់ថា បើតាមសេតវិមាន នៅក្នុងប្រទេសកម្ពុជា លោក ចូ បៃដិន នឹងធ្វើការអះអាងឡើងវិញពីការប្ដេជ្ញាចិត្តជាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ានផងដែរ សំដៅធានារក្សាសន្តិសុខ ក៏ដូចជាវិបុលភាព នៅក្នុងតំបន់៕