ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន៖ វត្តមាន «មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល» របស់រាជរដ្ឋាភិបាល ជាការពន្លឿនបរិវត្តកម្មឌីជីថលនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការអប់រំ


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា ការសម្ពោធ «មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល» បានឆ្លុះបង្ហាញយ៉ាងប្រត្យក្សនូវកិច្ច ខិតខំប្រឹងប្រែង និងការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្លឿនបរិវត្តកម្មឌីជីថលនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការអប់រំ តាមរយៈការបង្ខិតបច្ចេកវិទ្យាអប់រំឱ្យបានដល់ដៃសិស្សានុសិស្ស។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឪកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ «មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល» នៅក្នុងបរិវេណនៃវិទ្យាល័យ ព្រះស៊ីសុវត្ថិនៃរាជធានីភ្នំពេញ និងដោយមានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា លោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន រួមទាំងមានឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត, តំណាងស្ថានទូតនៃប្រទេសជាសមាជិកអាស៊ាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមទៀតថា ការបង្ខិតបច្ចេកវិទ្យាអប់រំឱ្យបានដល់ដៃសិស្សានុសិស្ស គឺជាការច្បាមយកកាលានុវត្តភាព នៃនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាសម្រាប់ការអប់រំ និងការជំរុញភាពឈានមុខរបស់កម្ពុជា នៅក្នុងកម្រិតតំបន់លើដំណើរសមាហរណកម្មនៃបច្ចេកវិទ្យាអប់រំ ដែលការអប់រំកំពុងត្រូវផ្លាស់ប្តូរមុខមាត់ថ្មី តាមរយៈបរិវត្តកម្មនៃការអប់រំសេដ្ឋកិច្ចឌីជីថល ដែលកំពុងមានតម្រូវការផ្នែកជំនាញ និងទេពកោសល្យ ហើយអ្នកសិក្សាត្រូវតែបន្តរៀនជាប់ជាប្រចាំនូវជំនាញថ្មីៗ ត្រូវបន្លំខ្លួនជាមួយនឹងប្រព័ន្ធអេកូឡូស៊ីការងារ ដែលមានការប្រែប្រួលជាប់ជាប្រចាំ និងត្រូវបណ្តុះគំនិត ច្នៃប្រឌិតសម្រាប់ដឹកនាំឱ្យមានបរិវត្តកម្មឌីជីថល។

ជាមួយគ្នានេះ ដើម្បីជាធាតុចូលសម្រាប់ពិធីសម្ពោធជាផ្លូវការនូវ «មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំ ឌីជីថល» លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកឡើងចំណុចចំនួន ៦បន្ថែម ទៀតដូចជា៖

*ទី១៖ បន្តលើកកម្ពស់អក្ខរកម្មឌីជីថលជាទូទៅ៖ ការផ្តល់ការអប់រំផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគម និងការយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថលជាទូទៅ សម្រាប់ការរៀន ការធ្វើការ ការធ្វើអាជីវកម្ម និងហានិភ័យអនឡាញ សម្រាប់សិស្សានុសិស្ស គួរត្រូវបានបន្ថែម និងកែលម្អ ដោយដាក់បញ្ចូលចាប់តាំងពីកម្រិតមធ្យមសិក្សា ក្នុងគោលដៅបង្រួមគម្លាតឌីជីថលឱ្យកាន់តែតូច។

*ទី២៖ ការពង្រឹងការអភិវឌ្ឍសមត្ថភាព និងជំនាញឌីជីថលដោយផ្តោតលើការកែទម្រង់ នៃការអប់រំក្នុងកម្រិតឧត្តមសិក្សា និងការកែសម្រួលកម្មវិធីសិក្សាផ្នែកឌីជីថល និងវិទ្យាសាស្ត្រកុំព្យូទ័រ ជាពិសេសការដាក់បញ្ចូលនូវមុខវិជ្ជាតម្រូវ មានជាអាទិ៍ តក្កកម្មបរិមាណ និងការគិតបបគណនា ឱ្យកាន់តែល្អប្រសើរ ដែលអាចបង្កើតនូវសមត្ថភាព និងជំនាញឌីជីថលច្បាស់លាស់ មានគុណភាព និង ឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត កិច្ចការនេះគប្បីត្រូវបានគិតគូរទាំងកម្រិតនៃការធ្វើផែនការ ឬយុទ្ធសាស្ត្រ និងកម្រិតការអនុវត្តផងដែរ។

*ទី៣៖ ការពង្រីកតួនាទីរបស់សាកលវិទ្យាល័យ និងការអប់រំនៅកម្រិតឧត្តមសិក្សា៖ នៅក្នុងបរិបទនៃបដិវត្តឧស្សាហកម្មទី៤ សាកលវិទ្យាល័យគួរដើរតួនាទី មិនត្រឹមតែក្នុងការរៀន ការបង្រៀន និងការស្រាវជ្រាវប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះការជំរុញ និងការលើកកម្ពស់អនាគតនៃសហគ្រិនភាព និងការបង្កើតធុរកិច្ចថ្មី នៅតាមសាកលវិទ្យាល័យ ក៏ជានិន្នាការសាកលដែលយើងមិនត្រូវមើលរំលងឡើយ។ ក្នុងន័យនេះសូមលើកទឹកចិត្តឱ្យក្រសួងអប់រំយុវជន និងកីឡា រួមជាមួយនឹងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ សហការជាមួយនឹងស្ថាប័ន និងអង្គភាពដែលធ្វើកិច្ចការនេះដោយផ្ទាល់ ដូចជា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងសហគ្រិនខ្មែរជាដើម ដើម្បីបង្កើតជាសហថាមពល ក្នុងការជំរុញ និងលើកកម្ពស់បំណនសហគ្រិន និងការធ្វើធុរកិច្ចថ្មី នៅតាមគ្រឹះស្ថានឧត្តមសិក្សា។

*ទី៤៖ ការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថ្នាលឌីជីថល ដែលគាំទ្រដល់ការអប់រំឌីជីថល៖ ជាការពិត, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អាទិភាព និងថវិកាជាបន្តបន្ទាប់ ជូនក្រសួងអប់រំ យុវជន និងកីឡា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីចូលរួមដល់បេសសកម្ម នៃការជំរុញឌីជីថលូនីយកម្មនៅក្នុងវិស័យអប់រំ ដែលមជ្ឈមណ្ឌលនេះ ជាសក្ខីភាពមួយនៃការវិនិយោគរបស់យើងកន្លងមក ។ ជាការគិតគូរទៅមុខ ការវិនិយោគត្រូវផ្ដោតទៅលើស្ថាប័ន និងគ្រឹះស្ថានសិក្សា ដែលមានសក្តានុពលខ្ពស់សម្រាប់ប្រព័ន្ធអេកូឡូស៊ីនៃការអប់រំឌីជីថល និងដែលផ្តល់លទ្ធផលខ្ពស់។

*ទី៥៖ ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលនៃការអប់រំនៅកម្ពុជា ទៅកាន់កម្រិតតំបន់ ពិសេសបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលជាតួនាទីស្នូលនៃការបង្កើត «មជ្ឈមណ្ឌល អាស៊ានសម្រាប់ការអប់រំឌីជីថល»។ តាមរយៈមជ្ឈមណ្ឌលនេះទិន្នន័យនៃការអប់រំនឹងត្រូវបានប្រមូល និងប្រើប្រាស់សម្រាប់ការសម្រេចចិត្តផ្នែកគោលនយោបាយឱ្យកាន់តែប្រសើរ; ជម្រើសនៃការសិក្សារបស់សិស្ស នឹងត្រូវបានបង្កើនឱ្យកាន់តែសម្បូរបែបការដកស្រង់បទពិសោធ និងឧត្តមានុវត្តនៃការបង្រៀន និងការគ្រប់គ្រងការអប់រំ នឹងត្រូវបានចែករំលែក ហើយមាតិកាឌីជីថលកាន់តែច្រើននឹងត្រូវបានផលិត។

*ទី៦៖ ការបន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់ និងបុរសកម្ម ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ដែលកំពុងមានការប្រែប្រួលដោយសង្កត់ធ្ងន់លើការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងការអប់រំ និងការលើកកម្ពស់ការវិនិយោគលើការអប់រំវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាប្រការនេះ ក៏ទាមទារផងដែរ នូវការបន្តធានានូវសេវាអប់រំ ដែលមានគុណភាព,ប្រកបដោយសមធម៌ និងបរិយាប័ន្ន ព្រមទាំងការលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

ជាមួយគ្នានោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានគូសរំលេចផងដែរថា ក្នុងខណៈដែលយើងទទួលស្គាល់ពីសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល, បច្ចេកវិទ្យានេះគ្រាន់តែជាឧបករណ៍ដែលជួយឱ្យការរៀន និង ការបង្រៀនកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះ ប៉ុន្តែឧបករណ៍នេះនឹងមិនមែនជារបស់ដែលត្រូវយកមកជំនួយឱ្យការរៀន និងការបង្រៀនដោយផ្ទាល់នោះបានទេ ដែលមានន័យថា «បច្ចេកវិទ្យា គឺជាឧបករណ៍ជំនួយ, តែមិនមែនជាឧបករណ៍ជំនួស នោះឡើយ»

ឯកឧត្តមបានបន្ថែមថា គ្រូបង្រៀននឹងបន្តដើរតួជាបុគ្គលនាំមុខ, ជាមគ្គុទេសក៍, ជាអ្នកស្រាវជ្រាវ, ជាទីប្រឹក្សា, ជាឪពុក ម្តាយទីពីរ និងអ្នកច្នៃប្រឌិត ដូចនេះ, គ្រូបង្រៀនចាំបាច់ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹង និងជំនាញលើមុខវិជ្ជាឯកទេស ការប្រើប្រាស់បច្ចេកវិទ្យា គរុកោសល្យថ្មីៗ និងភាសាបរទេស ដើម្បីបង្ហាត់បង្ហាញដល់សិស្សានុសិស្ស ឱ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល ថដែលជាធនធានចន្ទល់ដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងជាអ្នកបន្តវេនសម្រាប់អនាគត៕