សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរសម្ដេចចៅហ្វាវាំង គង់ សំអុល ក្នុងឱកាសពិធីចម្រើនជន្មាយុ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា៖ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីចម្រើនអាយុវឌ្ឍនមង្គលដ៏វិសេសវិសាលរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរ ប្រកបដោយមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងសូមគោរពជូន នូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចចៅហ្វាវាំង សូមមានសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ ចម្រើនជន្មាយុយឺនយូរ ចាកផុតពីរោគាព្យាធិនានា។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្ដេចចៅហ្វាវាំង ក្នុងការដឹកនាំក្រសួងព្រះបរមរាជវាំង សម្រេចបានជោគជ័យលើកិច្ចការងារជាតិ អន្តរជាតិ ចាំបាច់ធំៗជាច្រើនថ្វាយ ព្រះករុណា និងហ្លួងម៉ែជាអម្ចាស់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។

សម្ដេចចៅហ្វាវាំង ជាថ្នាក់ដឹកនាំមួយរូប ដែលបានលះបង់អស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ បានឆ្លៀតពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមចំណែកដឹកនាំយ៉ាងសកម្ម ក្នុងបេសកកម្មមនុស្សធម៌ជាមួយសមាគមកាកបាទក្រហមកម្ពុជា ពង្រឹងបាននិរន្តរភាពនៃចលនាកាកបាទក្រហមកម្ពុជា សំដៅចូលរួមចំណែកដ៏សកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីកិច្ចអភិវឌ្ឍ និងវឌ្ឍនភាពសង្គមឱ្យកាន់តែរឹងមាំថែមទៀត។

ជាថ្មីម្តងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំ នូវសព្ទសាធុការពរជ័យ គ្រប់ប្រការជូនចំពោះ សម្តេចចៅហ្វាវាំង និងលោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ព្រមទាំងក្រុមគ្រួសារ សូមបានប្រកប ដោយពុទ្ធពរដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕