សម្តេចតេជោ ហ៊ុន សែន សូមការយោគយល់ពីពលរដ្ឋចំពោះបញ្ហាចរាចរណ៍ ក្នុងពេលប្រជុំអាស៊ាននាសប្តាហ៍ក្រោយ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញចំពោះការរំខានចរាចរណ៍នៅតាមផ្លូវមួយចំនួន ក្នុងពេលដែលកម្ពុជាទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាសប្តាហ៍ក្រោយ។

ការស្នើសុំការយោគយល់នេះធ្វើឡើងនាឱកាសសម្តេចតេជោអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សរុបជាង៦ពាន់នាក់ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃ​ ប្រជាពលរដ្ឋនៅភ្នំពេញអាចនឹងជួបការលំបាកបន្តិច ព្រោះយើងត្រូវរៀបចំផ្លូវដើម្បីជៀសវាងនូវការកកស្ទះចរាចរណ៍ អ៉ីចឹងក៏សូមអភ័យទោសសម្រាប់ប្រជាពលរដ្ឋរបស់យើង»

សម្ដេចតេជោបានបញ្ជាក់ថា ការរៀបចំ សម្របសម្រួល និងបញ្ជៀសចរាចរណ៍នេះ គឺដើម្បីធានាសុវត្ថិភាពជូនគណៈប្រតិភូជាតិនិងអន្តរជាតិដែលមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាសប្តាហ៍ក្រោយនោះ សំដៅធ្វើយ៉ាងណាកុំឱ្យស្ទះចរាចរណ៍ ឬរហូតទៅដល់ការបង្កឱ្យមានបញ្ហាជាមួយនឹងភ្ញៀវ។

សម្ដេចតេជោបានបន្តថា ទោះបីមិនមានការហាមឃាត់នៅតាមផ្លូវទាំងអស់ក៏ពិតមែន តែច្បាស់ជាមានការបិទផ្លូវបណ្ដោះអាសន្ន រាល់ពេលមានការធ្វើដំណើររបស់គណៈប្រតិភូជាតិនិងអន្តរជាតិ។

ចំពោះសម្ដេចផ្ទាល់ក៏មានគម្រោងស្នាក់នៅសណ្ឋាគារសុខាភ្នំពេញ១យប់ឬ២យប់ដែរ ដើម្បីអញ្ជើញចូលរួមដឹកនាំអង្គប្រជុំឱ្យបានទាន់ពេល និងដើម្បីជៀសវាងការបិទផ្លូវចាប់ពីគេហដ្ឋានរបស់សម្ដេចនៅក្រុងតាខ្មៅមកដល់សណ្ឋាគារសុខាភ្នំពេញដែលជាទីរៀបចំអង្គប្រជុំផងដែរ ខណៈកម្មវិធីត្រូវមានជាប់រហូតចាប់ពីថ្ងៃទី៨ ខែវិច្ឆិកាតទៅ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានគម្រោងដើរលេងកម្សាន្ត គួរគប្បីទៅទស្សនាកម្សាន្តនៅតាមបណ្ដាខេត្តនានា ដើម្បីជៀសវាងបញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញជាដើម៕