សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋ បន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជំងឺឆ្លងដទៃ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្ដចូលរួមប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ ស្របពេលដែលពិភពលោក មិនទាន់ឈ្នះសង្គ្រាមកូវីដនៅឡើយទេ គ្រាន់តែឈ្នះលើសមភូមិកូវីដតែប៉ុណ្ណោះ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សរុបជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង សូមបន្ដនូវកិច្ចការពារខ្លួន ទាក់ទិនជាមួយនឹងជំងឺកូវីដ-១៩ ក៏ដូចជាជំងឺឆ្លងដទៃទៀត ដែលយើងត្រូវយកចិត្ដទុកដាក់។ កូវីដពិតមែនតែកាត់បន្ថយការឆ្លង ក៏ប៉ុន្ដែវាមិនទាន់ដល់ទីបញ្ចប់របស់វាទេ។ យើងមិនទាន់ឈ្នះសង្គ្រាមកូវីដ-១៩នោះទេ គ្រាន់តែឈ្នះទៅលើសមភូមិកូវីដ-១៩ តែប៉ុណ្ណោះ​»

សម្ដេចតេជោ ហ៊ុន​ សែន បានគូសបញ្ជាក់ថា ភាពខុសគ្នារវាងការឈ្នះសមភូមិ និងការសង្គ្រាម, ការឈ្នះសង្គ្រាមកូវីដ-១៩ ទាល់តែនៅលើពិភពលោកអស់កូវីដ-១៩ ទើ​បហៅថា ពិភពលោក ឈ្នះសង្គ្រាមកូវីដ-១៩ ប៉ុន្ដែកន្លងទៅនេះ យើងត្រឹមតែត្រួតត្រាបានទៅលើ៖ អាល់ហ្វា, ដែលតា, អូមីក្រុង ដែលបានបម្លែងពីកូវីដប៉ុណ្ណោះ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ​បានឲ្យដឹងផងដែរថា យើងនៅមានជំងឺច្រើនណាស់ដូចជា៖ ជំងឺអុកស្វា, ជំងឺអេបូឡា ដែលកំពុងផ្ទុះនៅអាហ្វ្រិក ដែលត្រូវតែយកចិត្ដទុកដាក់ថែទាំសុខភាព។

សម្ដេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋ ជាពិសេសកូនៗ ចៅៗ យកចិត្ដទុកចំពោះសុខភាពមាតាបិតា និងជីដូជីតា ដែលមានវ័យចំណាស់ ក្នុងពេលដែលអាកាសធាតុ ចាប់ផ្ដើមចុះត្រជាក់ ដែលតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់ខ្លះចុះមកដល់១៧ ទៅ១៨អង្សាសេ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ថានភាពនេះ គឺជាស្ថានភាពដែលតម្រូវឲ្យយកចិត្ដទុកដាក់ចំពោះសុខភាព ទាក់ទិនជាមួយនឹងជំងឺផ្ដាសាយ ព្រោះវាវិវត្ដន៍ប្រែប្រួលជាពិសេសមនុស្សចាស់ ព្រោះថា ពួកគាត់ចាស់រងារណាស់ ដែលត្រូវយកចិត្ដទុកដាក់ចំពោះពួកគាត់។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ក៏ដូចជាផ្នែកពាក់ព័ន្ធមិនប្រងើយកន្ដើយ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ៕