ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អំពាវនាវដល់អង្គការដៃគូ និងសប្បុរសជនបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព ដើម្បីដោះស្រាយដល់ពលរដ្ឋរងគ្រោះ


នាយឧត្តមសេនីយ៍ គន់ គីម ឯកឧត្តមទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់បណ្តាអង្គការដៃគូទាំងជាតិ និងអន្តរជាតិ ព្រមទាំងសប្បុរសជននានា បន្តចូលរួមជាមួយរាជរដ្ឋាភិបាលឧបត្ថម្ភសម្ភារៈ ថវិកាទៅតាមលទ្ធភាព ដើម្បីដោះស្រាយបញ្ហានានា ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយនានា។

ការអំពាវនាវបែបនេះ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២២ ក្រោមមូលបទ «រួមគ្នា ដើម្បីលើកកម្ពស់តុល្យការសកម្មភាព មូលដ្ឋានីយកម្ម សម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយ» នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដោយការចូលរួមពីនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងការពារជាតិផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា ដើម្បីសម្តែងនូវឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមក្របខ័ណ្ឌការងារសេនដាយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៥ ក្នុងគោលបំណងសម្រេចឱ្យបានទិសដៅនេះ។

ឯកឧត្តមក៏បានសំដែងនូវក្តីសោមនស្សរីករាយ ចំពោះវត្តមានអស់លោក លោកស្រីលបានចូលរួមក្នុងការអនុវត្តសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីបញ្ជៀសការខូចខាត ការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន និងការរំខានដល់ដំណើរការអភិវឌ្ឍន៏សង្គម និងសេដ្ឋកិច្ច ដែលជាការរួមចំណែកដ៏ធំធេង ក្នុងការលើកកម្ពស់ភាពធន់របស់សហគមន៍ទៅនឹងគ្រោះមហន្តរាយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ជាក់ស្តែងក្នុងឆ្នាំ២០២២នេះ កម្ពុជាបានទទួលរងនូវគ្រោះមហន្តរាយទឹកជំនន់ ប៉ះពាល់ទាំង២៥រាជធានី-ខេត្ត ស្មើ១៣៣ ក្រុង-ស្រុក និង៦០៦ ឃុំ-សង្កាត់ និងប៉ះពាល់ពាល់ប្រជាជនសរុបចំនួន ១៥៨,០៦៤គ្រួសារ ប្រជាជនជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ៥,៦៧៦គ្រួសារ ប៉ះពាល់ដំណាំស្រូវ ២១៩,៥៧៧ហិកតា និងខូចខាតចំនួន ១២០,១៦៧ហិកតា ដំណាំរួមផ្សំប៉ះពាល់ ៧៥,៣២៨ហិកតា និងខូចខាត ៣៥,៩៨៦ ហិកតា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជនផ្សេងៗជាច្រើនទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ការអន្តរាគមន៍ឆ្លើយតបសង្គ្រោះបន្ទាន់ ត្រូវបានធ្វើឡើងទាន់ពេលវេលា និងមានប្រសិទ្ធភាពដោយអាជ្ញាធរគ្រប់រាជធានី-ខេត្ត កងកម្លាំងគ្រប់ប្រភេទ ក្រសួង ស្ថាប័នជំនាញ កាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងវិស័យឯកជន ក្រោមការសម្របសម្រួលដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

គ្រោះមហន្តរាយ នាពេលកន្លងមកបានធ្វើឱ្យមានការខូចខាតប្រព័ន្ធធារាសាស្ត្រ ស្ពាន ថ្នល់ អគារ សាលា មន្ទីរពេទ្យ។ល។ ដែលត្រូវស្តារឡើងវិញ ជាពិសេស ដើម្បីធានាបាននូវសន្តិសុខស្បៀង ជូនប្រជាពលរដ្ឋ នៅតំបន់រងគ្រោះ។ ក្រសួងការពារជាតិ តាមរយៈកងពលតូចលេខ៧០ បានចូលរួមយាងសកម្ម នៅក្នុងសកម្មភាពជួយប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយគ្រោះមហន្តរាយនានា តាមបណ្តារាជធានី-ខេត្តផងដែរ។

សូមបញ្ជាក់ថា ក្នុងឱកាសអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣តុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា ដើម្បីឱ្យការងារគ្រប់គ្រងគ្រោះមហន្តរាយនៅពេលខាងមុខឱ្យទទួលបានជោគជ័យសម្តេចតេជោ បានអំពាវនាវចំនួន៩ចំណុច ក្នុងនោះមាន៖

ការចូលរួមបន្តទប់ស្កាត់ជំងឺកូវីដ១៩, ពង្រឹងសមត្ថភាពចំណេះដឹងពីគ្រោះមហន្តរាយ, ម្ចាស់ការលើការគ្រប់គ្រងគ្រោះមហន្តរាយជាបុគ្គល និងគ្រួសារ, សម្រាប់វិនិយោគិន ធុរជន ម្ចាស់សហគ្រាស សូមវិភាជទុនបង្កើនប្រព័ន្ធការពារគ្រោះថ្នាក់ការងារ បង្កើតហេដ្ឋារចនាសម្ព័ន្ធ បង្កើតទីទួលមានសុវត្ថិភាព បណ្តោះបណ្តាលពីវិធានការទប់ស្កាត ការពារគ្រោះមហន្តរាយដល់បុគ្គលិក, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវរៀបំគោលនយោបាយជាតិស្តីពី កិច្ចទទួលខុសត្រូវផ្នែកសង្គមផ្នែកគ្រោះមហន្តរាយរបស់ផ្នែកឯកជន, ស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងដៃគូត្រូវផ្តល់ព័ត៌មានឱ្យបានដឹងមុនពីគ្រោះមហន្តរាយ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទត្រូវពង្រីកប្រព័ន្ធស្បៀងបម្រុង, ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ត្រូវសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្នើសុំគម្រោងថវិកាសម្ភារ សម្រាប់បម្រើឱ្យការសង្គ្រោះ និងគ្រប់ក្រសួងស្ថាប័នត្រូវបន្តពង្រឹងយន្តការផែនការ និងកម្មភាពដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពជាដើម៕