សម្តេចតេជោ ហ៊ុន សែន៖ ការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាព គឺជាអាទិភាពចម្បងបំផុត ដើម្បីធានាអាស៊ានឱ្យមានចីរភាព


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានទាញចំណាប់អារម្មណ៍មេដឹកនាំប្រទេសសមាជិកអាស៊ានទាំងអស់ថា ការថែរក្សាឱ្យបាននូវឯកភាព សាមគ្គីភាព និងមជ្ឈភាព គឺជារឿងអាទិភាព ដើម្បីធានារក្សាបាននូវចីរភាព និងភាពធន់របស់អាស៊ាន ចំពោះមុខនៃបញ្ហា និងភាពប្រឈមនានា ដែលអាចកើតមាននាពេលខាងមុខ។

ឆ្នាំ២០២២នេះ សមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ ឬហៅថា អាស៊ាន មានអាយុកាលប្រមាណ៥៥ឆ្នាំហើយ។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានគូសរំលេចថា រយៈពេល៥៥ឆ្នាំនេះ អាស៊ាន បានរួមគ្នាសម្រេចបាននូវគោលបំណងចម្បង ក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន។

ទន្ទឹមនឹងការលើកបង្ហាញពីស្មារតីនៃការរួបរួម និងការប្រឹងប្រែងរួមគ្នារបស់អាស៊ាន ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលជាច្រើនយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញនូវបញ្ហាប្រឈមមួយចំនួនសម្រាប់អាស៊ានផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាស៊ានត្រូវប្រុងប្រយ័ត្នជានិច្ច ដោយសារស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «យើង [អាស៊ាន] កំពុងស្ថិតនៅលើចំណុចប្រសព្វដ៏ស្រពេចស្រពិលបំផុត ដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ពឹងផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រមប្រាកដនិយមរបស់យើង ក្នុងការដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រនានា ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ»

បច្ចុប្បន្នអាស៊ាន ហាក់កំពុងប្រឈមនឹងបញ្ហាមួយចំនួន ដែលគំរាមកំហែងដល់ការបែកបាក់របស់សហគមន៍អាស៊ាន មានដូចជាបញ្ហារបស់មីយ៉ាន់ម៉ា និងការប្រកួតប្រជែងភូមិសាសន៍នយោបាយ របស់ប្រទេសមហាអំណាចនាំឱ្យមានការបែងចែង និងប្រកាន់យកនូវនិន្នាការនយោបាយផ្សេងៗគ្នាក្នុងចំណោមប្រទេសសមាជិកអាស៊ាន។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញថា ជាការទាញពញ្ញាក់អារម្មណ៍ដល់មេដឹកនាំអាស៊ាន ឱ្យពង្រឹងនូវស្មារតីសាមគ្គីភាព ដើម្បីពង្រឹងដល់ភាពរឹងមាំរបស់អាស៊ាន។

ក្រោមបវចនារបស់អាស៊ាន «អាស៊ាន ចក្ខុវិស័យតែមួយ, អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ» សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា អាស៊ាន នៅតែមានគុណតម្លៃពិតប្រាកដ។

សម្តេចតេជោ បានអំពាវនាវដល់សមាជិកអាស៊ានថា «យើងទាំងអស់គ្នា ត្រូវផ្តោតលើគោលបំណងរួមនៃការអភិវឌ្ឍរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាពនៃតំបន់នេះ។ ទំនាក់ទំនងរបស់យើងទាំងអស់គ្នា មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែតាមរយៈការប្រែងប្រែង ការប្តេជ្ញាចិត្ត និងការព្យាយាមជាច្រើនឆ្នាំ»

សម្តេចតេជោ បានអំពាវនាវបន្ថែមថា «យើងត្រូវថែរក្សា និងដឹងគុណដល់អ្វីៗដែលយើងបានកសាង។ ដូចនេះការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់យើង គឺជាអាទិភាពចម្បងបំផុត ដើម្បីធានាឱ្យតំបន់យើងមានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាននាពេលអនាគត»