ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញអត្ថន័យ៥ចំណុច គ្រាដែលកម្ពុជាកំពុងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញអត្ថន័យដ៏ជ្រាលជ្រៅចំនួន៥ចំណុច នៅពេលដែលកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ខ្លឹមសារដែលភ្ជាប់ជាមួយរូបភាព សម្ដេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន ចូលគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖

«នេះ មិនត្រឹមតែជាអត្ថរូប ប៉ុន្តែថែមទាំងជាអត្ថន័យដ៏ជ្រាលជ្រៅ ដែលបង្ហាញថា៖

* ទី១៖ កម្ពុជា មានសន្តិភាពពេញលេញ ដែលអនុញ្ញាតឲ្យប្រទេសនេះ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍នូវរាល់វត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗ របស់ពិភពលោក និងតំបន់ ក៏ដូចជាប្រធានស្ថាប័ន និងអង្គការអន្តរជាតិធំៗនានា

* ទី២៖ កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលនានាជាអាទិ៍ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនេះឆ្លុះបញ្ជាំងឲ្យឃើញពីសមត្ថភាពនៃការដឹកនាំ ធនធានមនុស្សដ៏មានសក្តានុពល និងបរិយាកាសប្រកបដោយភាពអំណោយផល

* ទី៣៖ កម្ពុជា មានសិទ្ធិ និងអំណាច ស្មើមុខស្មើមាត់ដូចបណ្តាប្រទេសនានាក្នុងពិភពលោក ដែលជាអាទិ៍រួមមានសិទ្ធិក្នុងការផ្តួចផ្តើម កំណត់ចក្ខុវិស័យ បង្កើតយន្តការដោះស្រាយបញ្ហាតំបន់ និងពិភពលោក

* ទី៤៖ កម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់បានញ៉ាំញីដោយផេះផង់នៃភ្លើងសង្រ្គាម និងជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ភាពអត់ឃ្លាន ការរំលោភសិទ្ធិមនុស្ស មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងជាប្រទេសនីតិរដ្ឋពិតៗ

* ទី៥៖ កម្ពុជា កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ យើងទាំងអស់គ្នា ត្រូវពួតដៃគ្នារក្សាសន្តិភាព និងបន្តជំរុញនូវភាពរុងរឿងនេះតទៅមុខទៀត ដើម្បជាតិ និងមាតុភូមិយើង»។

សូមជម្រាបថា ឆ្នាំ២០២២នេះ គឺជាលើកទី៣ហើយ ដែលកម្ពុជាបានក្លាយជាប្រធានអាស៊ានប្ដូរវេន ដោយលើកទី១ កាលពីឆ្នាំ២០០២, លើកទី២ កាលពីឆ្នាំ២០១២៕