សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ជាកិត្យានុភាពរបស់កម្ពុជា ដែលទុកសម្រាប់កូនចៅជំនាន់ក្រោយ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា ជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក្នុងនាមកម្ពុជាជាម្ចាស់ និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ជាកិត្យានុភាពរបស់កម្ពុជា ដែលទុកសម្រាប់កូនចៅជំនាន់ក្រោយ។

ការគូសបញ្ជាក់បែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ផលប្រយោជន៍ដែលកម្ពុជាទទួលបាន គឺកិត្យានុភាព ដែលទុកជាប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយ…លុយយើងអាចចាយអស់ក្នុងមួយថ្ងៃ ឬមួយឆ្នាំ ក៏ប៉ុន្តែកេរដំណែល ដែលយើងរកបានប៉ុន្មានថ្ងៃនេះ (ក្នុងការរៀបចំកិច្ចប្រជុំអាស៊ាន) ចាយវាមិនអស់ទេ»។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានឯកសារចំនួន១០០បានសម្រេច នៅទីក្រុងភ្នំពេញ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ហើយឯកសារដែលបានសម្រេច ទាំង១០០នោះ នឹងយកទុកទៅតាមបណ្ណាល័យនានា សម្រាប់ឲ្យកូនចៅរៀនសូត្រនៅពេលក្រោយ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទាំងនោះហើយ គឺជាផលប្រយោជន៍ ដែលកម្ពុជាទទួលបាន ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតផងដែរថា ក្រៅពីនោះកម្ពុជា ក៏បានពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយដៃគូក្នុងអាស៊ានក្នុងពេលនេះ ជាងពេលណាៗទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា បើនិយាយអំពីចំណុចក្តៅវិញ កម្ពុជាគឺជាអ្នកទទួលដុំថ្មក្ដៅទាំងអស់ ប៉ុន្តែកម្ពុជាបានប្រែក្លាយដុំថ្មក្ដៅនេះ ឲ្យគេកាប់បាន ហើយកម្ពុជាអាចដោះ ទៅប្រទេសឥណ្ឌូនេស៊ី ដែលអាចទទួលបាន។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ត្រជាក់ជាងមុន តាមរយៈការសម្របសម្រួលរបស់កម្ពុជា ក្នុងតួនាទីរបស់កម្ពុជា ដែលសង្ឃឹមថា ឥណ្ឌូនេស៊ីនឹងបន្ត ហើយបន្ដទៅទៀត នឹងឈានទៅដល់ឡាវ បន្តទៅតាមលំដាប់អក្សរ។

សូមបញ្ជាក់ថា កម្ពុជាក្នុងនាមម្ចាស់ផ្ទះ និងប្រធានអាស៊ាន ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ អំឡុងកិច្ចប្រជុំកំពូលនេះ មានព្រឹត្តិការណ៍ដូចជា៖

* កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១
* កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥
* កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥
* កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣
* កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥
* កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា
* កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០
* កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២
* កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា
* កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ផងដែរ៕