សម្តេចតេជោ ហ៊ុន សែន៖ សមាជិកអាស៊ានមានចំណែកស្មើគ្នាដែលឱ្យទីម័រឡេស្តេក្លាយជាអ្នកសង្កេតការណ៍ និងជាសមាជិកទី១១


ក្នុងសន្និសីទព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងក្នុងនាមប្រធានអាស៊ានបានថ្លែងថា កម្ពុជានិងសមាជិកអាស៊ានដទៃទៀតគឺសុទ្ធតែមានចំណែកស្មើៗគ្នាក្នុងការសម្រេចជាគោលការណ៍ឱ្យប្រទេសទីម័រឡេស្តេ ឬទីម័រខាងកើតក្លាយជាអ្នកសង្កេតការណ៍ និងជាសមាជិកពេញសិទ្ធិទី១១របស់អាស៊ាន។

គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នារាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំនោះដែរ កម្ពុជាដែលជាប្រធានអាស៊ានប្ដូរវេន ព្រមទាំងអគ្គលេខាធិការអាស៊ាន និងសមាជិកអាស៊ានចំនួន៩ទៀត គឺបានសម្រេចឱ្យប្រទេសទីម័រឡេស្ដេក្លាយជាអ្នកសង្កេតការណ៍សិន មុនក្លាយជាសមាជិកអាស៊ានទី១១ពេញសិទ្ធិក្នុងពេលខាងមុខ។

សូមរំឭកថា ទីម័រឡេស្តេបានស្នើសុំចូលជាសមាជិកអាស៊ានតាំងពីឆ្នាំ២០១១មកម្ល៉េះ ពោលគឺមានរយៈពេល១១ឆ្នាំមកហើយ ទើបតែនៅឆ្នាំ២០២២នេះទេដែលប្រទេសទីម័រខាងកើតហាក់ជិតសម្រេចគោលបំណងរបស់ខ្លួន ក្រោមអាណត្តិដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។

ក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចជាគោលការណ៍ឱ្យទីម័រឡេស្តេចូលជាសមាជិកទី១១របស់អាស៊ាន និងក្លាយជាអ្នកសង្កេតការណ៍នោះ គឺមានចំណែកស្មើៗគ្នារបស់សមាជិកអាស៊ានទាំងអស់។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាជាចំណែកតូចមួយក្នុងចំណោមសមាជិកអាស៊ានដទៃ ក្នុងការចូលរួមចំណែកឱ្យទីម័រឡេស្ដេក្លាយជាសមាជិកទី១១។ កម្ពុជាមិនអាចប្រឹងតែឯងដោយគ្មានការជួយឧបត្ថម្ភនិងគាំទ្រពីដៃគូរបស់អាស៊ាននោះទេ គឺនេះជាចំណែកស្មើៗគ្នាទាំងអស់របស់អាស៊ានដែលត្រូវមានកុងសង់ស៉ីស»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអះអាងថា ស្ថានភាពដែលទីម័រឡេស្ដេក្លាយជាអ្នកសង្កេតការណ៍នៃអាស៊ាននេះ គឺមានលក្ខណៈងាយស្រួលច្រើនជាងកាលពីពេលដែលកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាស្នើសុំចូលជាសមាជិកអាស៊ាននោះទៅទៀត ដែលប្រទេសទាំង៣នេះត្រូវធ្វើជាអ្នកសង្កេតការណ៍អស់រយៈពេលដ៏យូរ។

បើតាមសម្ដេចតេជោប្រធានអាស៊ាន កម្ពុជាក៏ត្រូវធ្វើយ៉ាងណាជួយដល់ទីម័រឡេស្តេ ដើម្បីឱ្យប្រទេសនេះអាចបង្កើនសមត្ថភាពធ្វើការជាមួយអាស៊ាន និងឈានដល់ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ក្នុងនោះអូស្ត្រាលីក៏បានសន្យានឹងចូលរួមជួយដល់ទីម័រឡេស្តេ ដើម្បីកសាងសមត្ថភាពក្នុងការធ្វើការជាមួយអាស៊ានផងដែរ។

សូមបញ្ជាក់ដែរថា ប្រទេសទីម័រខាងកើតគឺជាប្រទេសស្ថិតនៅលើកោះធំមួយដែលគេធ្លាប់ហៅឈ្មោះថា «កោះទីម័រ»។ ប្រទេសថ្មីនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០២ ក្រោយពេលទទួលបានឯករាជ្យពីប្រទេសឥណ្ឌូណេស៉ី ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ (Democratic Republic of Timor-Leste) ពេលនោះហើយដែលដែនដីមួយផ្នែកទៀតនៃកោះទីម័រត្រូវបានប្ដូរទៅជាទីម័រខាងលិចដែលបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ឥណ្ឌូណេស៉ីដដែល។ ប្រទេសទីម័រឡេស្ដេមានផ្ទៃដីសរុប១៤,៨៧៤គីឡូម៉ែត្រក្រឡា ដែលមានរដ្ឋធានីឈ្មោះ ឌីលី (Dili) និងមានប្រជាជនប្រមាណ១,៣៤០,៥០០នាក់ គិតត្រឹមនៅឆ្នាំ២០២១៕