សម្តេចតេជោ ហ៊ុន សែន៖ ការផ្តល់កាដូអនុស្សាវរីយ៍នាឡិកាដៃ ដល់មេដឹកនាំអាស៊ាន និងពិភពលោក ជាការបង្ហាញអំពីអ្វីដែលកម្ពុជាអាចធ្វើបាន


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ថា ការផ្តល់កាដូអនុស្សាវរីយ៍ជានាឡិកាដៃ ដល់មេដឹកនាំអាស៊ាន និងពិភពលោកនេះ ដើម្បីចង់បញ្ជាក់ប្រាប់ទៅដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលជាសមាជិករបស់អាស៊ានថា កូនខ្មែរគឺអាចមានលទ្ធភាពដើម្បីផលិតនូវនាឡិកាដៃនេះបាន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ក៏បានគុសបញ្ជាក់ដែរថា សម្រាប់នាឡិកាដៃដែលជាកាដូអនុស្សាវរីយ៍ជូនដល់មេដឹកនាំអាស៊ាន និងពិភពលោកនេះ ក្នុងមួយគ្រឿងមានតម្លៃជាង ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «អំពីបញ្ហាកាដូរនាឡិកា រឿងនេះវាជាបញ្ហានៃការបង្ហាញអំពីអ្វីដែលហៅថាខ្មែរធ្វើបាន នេះជាបំណងធំ យើងចង់បង្ហាញអំពីសមត្ថភាពរបស់កម្ពុជា ដែលមាន​លទ្ធភាពផលិតនាឡិកាសម្រាប់ការពាក់ ហើយឥលូវនេះខ្ញុំបាននិយាយហើយថា ក្នុងមួយជុំពេលដែលខ្ញុំប្រជុំប៉ុន្មានថ្ងៃនេះខ្ញុំពាក់នាឡិកានេះ ហើយខ្ញុំនឹងពាក់នាឡិកានេះនៅពេលណាដែលខ្ញុំប្រជុំអាស៊ាននៅពេលក្រោយៗទៀត គឺខ្ញុំនឹងពាក់នាឡិកានេះ អ្វីដែលជាអត្ថន័យពិតប្រាកដគឺខ្ញុំចង់បញ្ជាក់ប្រាប់ទៅដៃគូរបស់យើងថា កូនខ្មែរមានលទ្ធភាព ដើម្បីផលិតនូវនាឡិកាសម្រាប់ជាការដូរដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ហើយនាឡិកានេះមានតែ២៥គ្រឿងទេ»

សម្តេចតេជោ បានបន្ថែមទៀតថា សម្រាប់នាឡិកាទាំង ២៥គ្រឿងនេះ កម្ពុជាបានចែកជូនដល់ថ្នាក់ដឹកនាំតាមបណ្តាប្រទេសបានមកចូលរួមប្រជុំអាស៊ានរួចហើយដែរ ដែលមានអ្នកខ្លះបានពាក់ រួចហើយ និងមានអ្នកខ្លះក៏មិនទាន់បានពាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងដែរថា នេះជាឡិកាមួយដែលជាអនុស្សាវរីយ៍នៃការចង់ចាំរបស់សម្តេច ក្នុងឋានៈដែលជាប្រធានអាស៊ានលើកទី៣ ដោយសម្តេចក៏បានប្រកាសដែរថា នឹងមិនអាចឈានទៅរកការធ្វើប្រធានអាស៊ានលើកទី៤ បានទៀតនោះទេ ដោយសារទម្រាំដល់អាស៊ានលើកទី៤ សម្តេចនឹងមានអាយុដល់ ៨០ឆ្នាំហើយ ដូចនេះគ្រប់គ្រាន់ហើយសម្រាប់ការធ្វើជាប្រធានអាស៊ាន ៣ដងនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា ការធ្វើជាប្រធានអាស៊ាន មិនមានភាពងាយស្រួលនោះទេ បើសិនមិនមានរដ្ឋមន្ត្រីការបរទេសវ័យឆ្លាត និងគ្មានអ្នកជំនួយការវ័យឆ្លាត និងអត់ធ្មត់ក្នុងការធ្វើការ ប្រហែលជាប្រធានអាស៊ាននឹងអាចដួលនៅពាក់កណ្តាលផ្លូវតែម្តង ប៉ុន្តែការទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ ដោយសារសមត្ថភាពរបស់រដ្ឋមន្ត្រីកាបរទេសកម្ពុជា ឧត្តមមន្ត្រី រួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់របស់កម្ពុជា បានធ្វើកិច្ចការយ៉ាងល្អ ទើបធ្វើឱ្យកម្ពុជាទទួលបានជោគជ័យដូចនេះ៕