សម្តេចតេជោ ហ៊ុន សែន៖ អ្នកឯងអាចប្រណាំងសេះប្រណាំងគោក្របី ប៉ុន្តែមិនអាចប្រណាំងព្រហ្មលិខិត ដែលតាក់តែងឱ្យខ្ញុំធ្វើជានាយករដ្ឋមន្ត្រីទេ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារទៅកាន់អ្នកដែលដាក់បណ្តាសារឲ្យសម្តេចឆាប់ស្លាប់ថា ពួកគេអាចប្រណាំងយានយន្ត និងសត្វពាហនៈបាន ប៉ុន្តែពួកគេមិនអាចប្រណាំងនឹងព្រហ្មលិខិត ដែលកំណត់ឲ្យសម្តេចធ្វើជានាយករដ្ឋមន្ត្រី ដែលយូរជាងគេនៅលើពិភពលោកបានឡើយ។

ការថ្លែងរបស់សម្តេចតេជោធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាវិមានសន្តិភាព ដើម្បីបង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ពិតហើយខ្ញុំដឹងថា មានអ្នកដាក់បណ្តាសារឲ្យខ្ញុំចង់ងាប់ ប៉ុន្តែអ្នកឯងអាចប្រណាំងឡាន ប្រណាំងគោ ប្រណាំងសេះ ប្រណាំងក្របី ប្រណាំងដំរីបាន តែអ្នកឯងមិនអាចប្រណាំងជាមួយព្រហ្មលិខិតបានទេ អ្នកយល់ឲ្យច្បាស់។ អ្នកឯងអាចប្រណាំងជាមួយខ្ញុំ លើរឿងនេះរឿងនោះ ប៉ុន្តែប្រណាំងជាមួយព្រហ្មលិខិត ដែលតាក់តែងឲ្យខ្ញុំក្លាយជានាយករដ្ឋមន្ត្រី ដែលវែងជាងគេនៅក្នុងពិភពលោកនេះ អ្នកឯងមិនអាចប្រណាំងបានទេ»។

សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី ជិត៤០ឆ្នាំហើយ។ សម្តេចតេជោ បានទទួលការបោះឆ្នោតគាំទ្រ ឲ្យក្លាយជានាយករដ្ឋមន្ត្រីទាំងវ័យក្មេង តាំងអាយុ ៣២ឆ្នាំមកម្ល៉េះ ហើយធ្លាប់ទទួលតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស កាលពីអាយុ ២៧ឆ្នាំផងដែរ។

ពាក់ព័ន្ធនឹងតំណែងជាប្រធានអាស៊ាន សម្តេចបានធ្វើចំនួន ៣ដង គឺនៅឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ២០២២ ក្រោយកម្ពុជាចូលជាសមាជិកអង្គការមួយនេះ នៅឆ្នាំ១៩៩៩។ ប៉ុន្តែ សម្តេចបញ្ជាក់ថា មិនចង់កាន់តំណែងជាប្រធានអាស៊ាន​ លើកទី៤ នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំគ្មានមហិច្ឆតា ទៅកាន់ញញួរលើកទី៤ទេ ខ្ញុំនឹងជ្រើសរើសវេលាសមស្រប ដើម្បីចាកចេញ (ពីតំណែង)។ វិមានសន្តិភាពនេះ មិនមានសម្រាប់តែ ហ៊ុន សែន អង្គុយគេ គឺសម្រាប់អ្នកដទៃ ហើយអាចអង្គុយបានរាប់រយឆ្នាំ បើគេចេះការពារ»។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បញ្ជាក់ថា សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ខាងមុននេះ គឺសម្តេចនៅតែស្ថិតក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្ត្រី ចំពោះការផ្លាស់ប្តូរមេដឹកនាំនៅពេលណានោះ គឺជារឿងក្រោយការបោះឆ្នោត។ ចំពោះតំណែងជានាយករដ្ឋមន្ត្រីនេះ សម្តេចធ្វើរហូតដល់លែងចង់ធ្វើ ហើយចំពោះការត្រៀមមនុស្សបន្តវេន ជារឿងធម្មតាសម្រាប់ជំនាន់ក្រោយ៕