សម្ដេចតេជោ ហ៊ុន សែន៖ អ្នកដែលមិនទទួលយកភាពជោគជ័យ ពីការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានរបស់កម្ពុជា អាចលាលែងសញ្ជាតិខ្មែរបាន


កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានបិទបញ្ចប់ដោយជោគជ័យប្រកបដោយមោទកភាពសម្រាប់ជនជាតិខ្មែរគ្រប់រូប និងបានឆ្លុះបញ្ចាំងអំពីសមត្ថភាព ឧត្តមភាព ស្មើមុខមាត់ នៅក្នុងតំបន់ និងអន្តរជាតិផងដែរ។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបបានសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២២ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលសំខាន់ៗ ក៏បានផ្ដាំទៅក្រុមប្រឆាំង ដែលមិនហា៊នទទួលស្គាល់ការពិត នៃភាពជោគជ័យរបស់ប្រទេសរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន ពួកគេអាចលាលែងចេញពីសញ្ជាតិខ្មែរបាន។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងទៀតថា ពាក្យថា «ក្រុមប្រឆាំង» ហើយនោះ គឺមិនដែលគាំទ្រនូវអ្វីដែលរាជរដ្ឋាភិបាលសម្រេចបាននោះទេ ហើយក៏តែងតែលើកឡើងផ្ទុយពីរាជរដ្ឋាភិបាលជានិច្ច។ សម្ដេចបញ្ជាក់ថា ជោគជ័យនេះ គឺជាកិត្តិយរបស់ជាតិទាំងមូល មិនមែនជាកិត្តិយសតែរបស់សម្ដេចម្នាក់ឯងនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចំពោះក្រុមប្រឆាំងដែលហៅថាប្រឆាំងហើយ កាលណាយើងធ្វើស គេត្រូវតែថាខ្មៅ ឲ្យតែយើងធ្វើខ្មៅ គេថាសរឿងតែប៉ុណ្ណឹង។ បើគេទទួលយកមិនបានអំពីកិត្តិយសជាតិបែបនេះ គឺសុំឲ្យគេដាក់ខ្លួនទៅជាអ្នកប្រភេទដទៃ មិនមែនសញ្ជាតិខ្មែរទៅចុះ ព្រោះនេះជាកិត្តិយសជាតិទាំងអស់គ្នា មិនមែនជារបស់ ហ៊ុន សែន ទេ បើគេទទួលយកមិនបាន មានន័យថា គេមិនមែនជាខ្មែរទេ»

យ៉ាងណាមិញ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ដែរថា សម្ដេចមិនមានភាពចាំបាច់ក្នុងការឆ្លើយតប ជាមួយក្រុមប្រឆាំងទាំងអស់នោះទេ ពោលចង់ប្រឆាំងដល់ណាក៏ប្រឆាំងទៅ ខណៈកម្ពុជាមិនរលាយដោយសារតែការនិយាយអាក្រក់ ពីក្រុមមួយក្ដាប់តូចនោះទេ ហើយនៅលើពិភពលោកនេះ គ្មានមតិភាគតិចដឹកនាំនោះទេ។

គួរជម្រាបថា ជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក្នុងនាមកម្ពុជាជាម្ចាស់ និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ជាកិត្យានុភាពរបស់កម្ពុជា ដែលទុកសម្រាប់កូនចៅជំនាន់ក្រោយ។ បើតាមសម្ដេចតេជោ ហ៊ុន សែន មានឯកសារចំនួន១០០បានសម្រេច នៅរាជធានីភ្នមពេញ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ហើយឯកសារដែលបានសម្រេច ទាំង១០០នោះ នឹងយកទុកទៅតាមបណ្ណាល័យនានា សម្រាប់ឲ្យកូនចៅរៀនសូត្រនៅពេលក្រោយ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទាំងនោះហើយ គឺជាផលប្រយោជន៍ ដែលកម្ពុជាទទួលបាន ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតផងដែរថា ក្រៅពីនោះកម្ពុជា ក៏បានពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយដៃគូក្នុងអាស៊ានក្នុងពេលនេះ ជាងពេលណាៗទាំងអស់៕