សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងឱកាសខួបចម្រើនជន្មាយុ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនពរ លោកកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៨៦ឆ្នាំ ឈានចូល ៨៧ឆ្នាំ។

សម្តេចតេជោ បានថ្លែងថា៖ «ខ្ញុំ និងភរិយាសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ»

សម្តេចតេជោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានបំពេញការងារទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលើកស្ទួយអត្តសញ្ញាណជាតិ ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី ស្ថេរភាពសេដ្ឋកិច្ច។

សម្តេចលើកឡើងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាឥស្សរជនមួយរូប ដឹកនាំនិងគ្រប់គ្រង វិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសំដៅធានានិងការពារផលប្រយោជន៍របស់រាជរដ្ឋាភិបាល បម្រើដល់ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិនាពេលកន្លងមក។

សម្តេចសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ លោកឧបនាយករដ្ឋមន្ត្រី និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕