ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ានបានយ៉ាងល្អប្រសើរ


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់ ដែលបានចូលរួមបំពេញភារកិច្ច ក្នុងការការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានជោគជ័យយ៉ាងល្អប្រសើរ។

តាមរយៈ Facebook ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណចំពោះកងកម្លាំងគ្រប់ប្រភេទដែលបានចូលរួម លះបង់​មិនខ្លាចនឿយហត់​ និងបំពេញភារកិច្ចក្នុងការការពារសុខសុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំ​ និងគណ:ប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន​ និងកិច្ចប្រជុំពាក់ព័ន្ធនានា​ ធ្វេីឡេីងនៅរាជធានីភ្នំពេញ​ ដែលយេីងជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យ​ និងបរិយាកាយរីករាយបំផុត»

គួរជម្រាបថា កម្ពុជាក្នុងនាមម្ចាស់ផ្ទះ និងប្រធានអាស៊ាន ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបិទបញ្ចប់ទៅប្រកបដោយភាពជោគជ័យ ជាមួយនឹងការសម្រេចបាននូវឯកសារសំខាន់ៗ ចំនួន១០០ ដែលជាកិត្យានុភាពរបស់កម្ពុជា ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយទូទៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលមួយនេះ ត្រូវធានាបានយ៉ាងល្អប្រសើរមិនមានបាតុភាពអ្វីកើតឡើង ដែលរារាំងដល់ដំណើរការនៃកិច្ចប្រជុំនោះឡើយ។

កងកម្លាំងដែលបានចូលរួមការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ មានចំនួនប្រមាណជាង១ម៉ឺននាក់ ក្នុងនោះមានទាំងកងកម្លាំងនគរបាលជាតិ, កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទផងដែរ ហើយកងកម្លាំងទាំងអស់នេះ គឺមកពីបណ្ដាអង្គភាព និងស្ថាប័ន ចំនួន១៤៕