ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសដាក់ឱ្យប្រើប្រាស់ឯកសារគោលការណ៍ ដើម្បីផ្ទៀងផ្ទាត់ការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅតាមបណ្តារាជធានី-ខេត្ត


ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៤​ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ឯកសារគោលការណ៍បញ្ចប់ការបន្ទោបង់ពាសវាពាសកាល (ODF) ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរបស់រាជធានីខេត្តទាំង២៥ ព្រមទាំងរៀបចំផែនការអនុវត្តនានាលើកកម្ពស់អនាម័យជនបទ ដើម្បីឱ្យរដ្ឋបាលខេត្តនីមួយៗ យកទៅអនុវត្តន៍ការងារអនាម័យ ឱ្យស្របតាមទិសដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

សិក្ខាសាលា និងការប្រកាសដាក់ឱ្យប្រើប្រាស់ឯកសារគោលការណ៍បញ្ចប់ការបន្ទោបង់ពាសវាពាសកាល (ODF) បានធ្វើឡើងនៅសណ្ឋាគារ Cambodianna និងដោយមានការចូលរួមពីអភិបាលរងទាំង២៥ រាជធានី-ខេត្ត ទទួលបន្ទុកដឹកនាំការងារទឹកស្អាត និងអនាម័យ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ ដូចជា អង្គការ UNICEF, អង្គការ PLAN, អង្គការ WaterAid, តំណាងក្រសួងពាក់ព័ន្ធ, និងតំណាងមន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់។

ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងឱ្យដឹងថា ការលើកកម្ពស់អនាម័យនៅតាមជនបទ និងការលើកកម្ពស់សេវាទឹកស្អាត គឺជាបញ្ហាសំខាន់ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ និងចេញនូវសេចក្តីណែនាំជាបន្ទាប់បន្ទាប់ដើម្បិឱ្យអាជ្ញាធរ បង្កើនការយកចិត្តទុកដាក់ចំពោះអនាម័យ ក៏ដូចជាការផ្តត់ផ្គងទឹកស្អាតនៅតាមជនបទនេះផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាត្រឹមឆ្នាំ២០២៥ខាងមុខនេះ ប្រជាពលរដ្ឋអាចរស់នៅប្រកបដោយអនាម័យល្អ បរិស្ថានល្អ និងមានសេវាទឹកស្អាតប្រកបដោយនិរន្តរភាព។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបន្ថែមទៀតថា គិតមកដល់ពេលនេះ ទើបតែមានខេត្ត២ប៉ុណ្ណោះ ដែលបានប្រកាសបញ្ឈប់ការបន្ទោសបង់ពាសវាលពាសកាល ហើយនៅពេលដ៏ខ្លីខាងមុខនេះនឹងមានការប្រកាសខេត្តកណ្តាលមួយទៀតផងដែរ ខណៈដែលនៅពេលបច្ចុប្បន្ននេះប្រទេសកម្ពុជា នៅមានខ្នងផ្ទះប្រមានជាង ៧៣ម៉ឺនខ្នងផ្ទះទៀត មិនទាន់បង្គន់អនាម័យប្រើប្រាស់ផងដែរ។

បន្ថែមពីនេះឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបន្ថែមទៀតថា ឯកសារគោលការណ៍ណែនាំជាតិ ដែលបានចែកជូននេះបានរៀបចំឡើងគ្របដណ្ដប់លើសូចនាករអនាម័យសំខាន់ៗ ប្រកបដោយបរិយាប័ន្ន ទាំងនៅក្នុងក្របខ័ណ្ឌសហគមន៍ និងនៅតាមស្ថាប័ន ឬអង្គភាពបម្រើសេវា រួមទាំងកន្លែងបម្រើសេវាឯកជន និងអារាមសាសនានានាដែលមានមូលដ្ឋានក្នុងឃុំ សង្កាត់ ឬក្នុងដែនរដ្ឋបាលនីមួយៗ។ គោលការណ៍ណែនាំនេះដែរ ប្រៀបបាននឹងផែនទីបង្ហាញផ្លូវដើម្បីឱ្យអាជ្ញាធរថ្នាក់ក្រោយជាតិ ក៏ដូចជាកន្លែងផ្តល់សេវាសាធារណៈ បានយល់ច្បាស់ ពីគុណតម្លៃនៃការថែរក្សាអនាម័យក៏ដូចជាផល ប៉ះពាល់ដែលបណ្តាលមកពីបរិស្ថានមិនល្អនេះ។

ជាមួយគ្នានោះឯកឧត្តមមន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទរូបនេះ ក៏បានបន្តអំពាវនាវដល់បណ្តាអង្គការដៃគូទាំងអស់ បន្តជួយគាំទ្រ ផ្គត់ផ្គងទាំងសម្ភារបច្ចេកទេស និងហិរញ្ញវត្ថុតទៅមុខទៀត ដើម្បីជួយប្រជាពលរដ្ឋនៅតាមជនបទ មានបង្គន់ និងទឹកស្អាតប្រើប្រាស់បានគ្រប់គ្រាន់ទូទាំងរាជធានីខេត្ត និងបានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់លើបញ្ហាអនាម័យនៅតាមជនបទនេះ តាមរយៈការរស់នៅស្អាត ហូបស្អាត និងការទទួលទានទឹកប្រកបដោយសុវត្ថិភាព ដើម្បីការពារកុំឱ្យកើតមានជំងឺផ្សេងៗ។

សូមជម្រាបថា គោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល (ODF Verification Guideline) គឺជាឯកសារគតិយុត្តិដ៏ សារៈសំខាន់មួយសម្រាប់វាសវែងការងារលើកកម្ពស់អនាម័យឱ្យមានស្តង់ដារត្រឹមត្រូវ ។ ឯកសារនេះក្រសួងអភិវឌ្ឍន៍ជនបទបានចំណាយពេលជាង ២ឆ្នាំ ដើម្បីរៀបចំឡើង រួមទាំងបទពិសោធន៍អនុវត្តសាកល្បងនៅខេត្តស្វាយរៀង និងបានប្រមូលធាតុចូលពីរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ដែលបានពន្លឿនការងារបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល៕