រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដោយពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៦


រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ក៏បានការចូលរួមពី ឯកឧត្តម លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើននាក់ទៀត។

កិច្ចប្រជុំនេះ មានរបៀបវារៈសំខាន់ៗចំនួន៦ រួមមាន៖
១៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៤ ឆ្នាំទី៤ អាណត្តទី៣ របស់ក្រុមប្រឹក្សាខេត្ត
២៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ប្រចាំខែតុលា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៣៖ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៤ អាណត្តិទី៣
៤៖ របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
៥៖ បញ្ហាផ្សេងៗ
៦៖ ពិនិត្យ និងអនុម័ត ស្តីពីការតែងតាំងមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងកោតសរសើរដល់គណៈអភិបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុងស្រុកទាំងអស់នៅក្នុងខេត្ត ដែលតែងតែបានខិតខំបំពេញការងារយ៉ាងសកម្ម និងបានសហការគ្នាយ៉ាងល្អ សម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើន ធ្វើឱ្យខេត្តពោធិ៍សាត់ មានការអភិវឌ្ឍន៍ទៅមុខជាជំហ៊ានៗ។ លោកប្រធានប្រធានក្រុមប្រឹក្សាខេត្ត ក៏បានសំណូមពរ និងផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក កម្លាំងសមត្ថកិច្ចជំនាញក្នុងខេត្ត បន្តយកចិត្តទុកដាក់សហការគ្នាឱ្យបានល្អ ដើម្បីរួមគ្នារក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ និងកិច្ចអភិវឌ្ឍន៍ក្នុងមូលដ្ឋានកាន់តែប្រសើរថែមទៀត ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស និងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តថ្ងៃនេះ ក៏បានផ្ដោតសំខាន់ទៅលើបញ្ហាគោរពម៉ោងការងារ ការស្ដារប្រឡាយក្បាលហុង ការបង្ហូរទឹកកខ្វក់លើទីសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសោភ័ណភាពក្រុង និងបញ្ហាប្រឈមមួយចំនួនទៀត ដើម្បីរកដំណោះស្រាយពេលប្រជុំលើកក្រោយ។ ជាមួយគ្នានេះក៏បានកំណត់កាលបរិច្ឆេទ សម្រាប់ការចុះធ្វើវេទិកាសាធារណៈ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា នៅតាមក្រុងស្រុកទាំង៧ ទូទាំងខេត្តពោធិ៍សាត់ផងដែរ៕