រាជរដ្ឋាភិបាលប្រារព្ធទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍, ត្រីមាសទី៣ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន៦៤១៨៤នាក់


នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពចតុមុខ នាយឧត្ដមសេនីយ៏ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាង​ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ​ន ប្រធានកា​ក​បាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីឱកាស​ប្រារព្ធ​​ទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ ធ្វើឱ្យមានសមធម៌ ដោយមានការអញ្ជើញចូលរួមពី ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុប្រធាន ក្រសួងស្ថាប័នជាសមាជិក ក្រុមការងារ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធអង្គការ យុវជនកាកបាទក្រហម និងតំណាងកម្មវិធីសហប្រជាជាតិជាង៥០០នាក់។

ក្រោយពីបានស្តាប់សាររបស់សម្តេច​តេ​ជោ និងសម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងទៅកាន់អង្គពិធីដោយពាំនាំនូវការកោតសរសើរ និងអរគុណពីសម្តេច​តេ​ជោ និងសម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិតចំពោះថ្នាក់ដឹកនាំ មន្រ្តីរា​ជ​ការនៃ​​អាជ្ញាធរ​ជាតិប្រយុទ្ធនឹង​ជំងឺអេដ​ស៍ ដែលបានរួមគ្នាធ្វើឱ្យ​សម្រេច​​បាននូវសមិទ្ធផល​ធំៗ​ជា​ច្រើន​ក្នុងការ​កាត់​បន្ថយការរាលដាល​នៃមេរោគអេដស៍និងជំងឺអេដស៍​នៅ​កម្ពុជា ជាពិសេសក្នុងស្ថានភាពដែលកម្ពុជា និងពិភពលោកបានជួប​ប្រទះ​នូវ​វិបត្តិ​នៃជំងឺកូវីដ១៩។

ក្នុងនាមសម្តេចតេជោ ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងអំណរគុ​ណ​​ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា​នី ហ៊ុនសែន ប្រធានកា​ក​បាទក្រហមកម្ពុជា​ ក្នុងឋានៈ​ជា​ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិ​កា​ភាព​ជា​អ្នក​ដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិ​ក ឆ្លើយតបមេរោគអេដស៍/​ជំងឺអេដ​ស៍​​នៅកម្ពុជាសម្តេចតែងតែដឹកនាំ និងចូលរួម​ដោយ​ផ្ទាល់ក្នុងការពង្រីក​ភាព​​ឆ្នើម​ដល់បណ្តាញកាកបាទក្រហម គ្រប់​លំ​ដា​ប់​ថ្នាក់នៅទូទាំងប្រទេសប្រឆាំង​ការ​រើសអើង ចំពោះអ្នកផ្ទុក​មេរោគអេដស៍​/ជំងឺ​អេដស៍ ធ្វើឱ្យ​ប្រសិទ្ធភា​ព​នៃការទប់ស្កា​ត់​ការរីករាល​ដាលមេរោគ​អេដស៍/​ជំងឺ​អេដស៍ នៅកម្ពុជាកាន់តែ​មា​នកម្រិតខ្ពស់ថែមទៀត ក្នុងទិសដៅ ៩៥-៩៥-៩៥។

ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្ថែមថា ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់ ស្ថានភាពនៃការរាលដាលមេ​រោគអេដស៍/​ជំងឺអេដ​ស៍នៅកម្ពុជានៅ​តែមានភាពផុយស្រួយប្រសិនបើធ្វេសប្រហែ​​ស ​តែបន្តិចការរាលដាលមេរោគអេដស៍នឹងអាចផ្ទុះនិងពិ​បា​ក​គ្រប់គ្រ​ងជាងមុនៗ ពិសេសការផ្ទុះឡើងនៅ​ក្នុងចំណោម​ប្រជាជនប្រឈមមុខខ្ពស់រួមមាន៖ ក្រុមបុរសរួមភេទជាមួយបុរស ក្រុម​បំប្លែ​​ង​ភេទ ក្រុមស្រ្តីបម្រើការងារក្នុងគ្រឹះស្ថាន កំសាន្តសប្បាយ ក្រុមយុវវ័យ ក្រុមអ្នក​ប្រើប្រាស់ និងចាក់គ្រឿងញៀនជាដើម។ នៅឆ្នាំ២០២១ អត្រាចម្លងមេ​រោគ​អេដស៍ពីម្តាយទៅកូនមានប្រមាណ១៣,៦% ដែលជាអត្រា​ខ្ពស់មួយដែល​ត្រូវយកចិត្តទុកដាក់។ ការឆ្លងមេរោគអេដស៍ ក្នុងចំណោមអ្នកប្រើ​ប្រាស់​គ្រឿ​ងញៀនទូទៅមានអត្រា​៤% នៅឆ្នាំ២០១២ និងអត្រាប្រមាណ​៥,៧% ក្នុងឆ្នាំ២០១៧។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ អ្នកប្រើប្រាស់គ្រឿង​ញៀនដោយចាក់​មាន​ចំនួន៨៧០នាក់។

ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានផ្តល់​នូវ​ការណែនាំបន្ថែមមួយចំនួន​ដូចតទៅ៖

*ទី១៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន ដៃគូ​អភិ​វ​ឌ្ឍ​ន៍ ​និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តដោយម៉ឺងម៉ាត់ផែនការយុទ្ធ-​​​​​​សាស្ត្រជាតិទូលំទូលាយ និង​ពហុវិស័យឆ្លើយតបមេរោ​គអេ​​ដ​ស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែន​ទី​ចង្អុ​ល​ផ្លូវតែមួយគត់​សម្រាប់ការងារ​ប្រយុទ្ធ​ទប់ស្កាត់​ការរាលដាល​មេរោ​គអេដស៍ និងជំងឺអេដស៍នៅកម្ពុជា​ដែល​ដឹកនាំអនុវត្ត​ដោ​យ​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ដោយផ្អែក​លើ​សរសរស្ត​ម្ភ​ទាំង៣រួមមាន៖ ១៖ ការដឹកនាំ និងភាពជាម្ចាស់, ២៖ ភាពជា​ដៃ​គូ និង៣៖ ការវិនិយោគ ដើម្បីធានាភាពជោគជ័យ និងនិរន្តរភាព​នៃ​ការ​ឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍។
*ទី២៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល រួមជា​មួយក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តអនុវត្ត​ឱ្យបានម៉ឺងម៉ាត់​នូវវិធានការទាំងប្រាំមួយ ដូចមានចែងក្នុងលិខិតលេខ ២១៣ សជណ.សស ចុះ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តី​ការ​គណៈរដ្ឋមន្ត្រី។
*ទី៣៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួង​កិច្ចការ​នា​រី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមជំរុញការអប់រំ ផ្សព្វផ្សា​យ​អំពីមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីបង្ការកា​រចម្លង​មេរោគ​អេដស៍ក្នុងសហគមន៍ ជាពិសេសក្រុមប្រជាជនគន្លឹះរួមមាន ក្រុមបុរ​ស​រួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នក​ប្រើ​ប្រា​ស់​​និងចាក់​គ្រឿង​ញៀន ក្រុមស្ត្រីបម្រើការងារ​ក្នុងគ្រឹះ​ស្ថាន​កំសាន្ត​សប្បាយ និងក្រុមយុវវ័យទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
ទី៤៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបន្តសហការជា​មួយ​ក្រសួ​ងសុខាភិបាលធ្វើការសិក្សារៀបចំយន្តការ និងយុទ្ធសាស្ត្រ​អន្តរាគមន៍ក្នុងការលុបបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅ​កូន​នៅត្រឹមឆ្នាំ២០២៥។ ជាមួយនេះ ក៏ត្រូវបន្តពង្រឹង និង​បង្កើនកិច្ចសហការជាមួយអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ​នបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់ឱ្យកាន់​តែមាន​ប្រសិទ្ធភាពនូវការឆ្លងរាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ក្នុង​ចំណោមអ្នកប្រើប្រាស់ និងអ្នកចាក់គ្រឿង​ញៀ​ន​។
*ទី៥៖ ក្រោមការដឹកនាំ សម្របសម្រួល របស់អាជ្ញាធ​រជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ត្រូវបន្ត​សហការរៀបចំគោល​នយោ​បាយ​លុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ ឱ្យបានទាន់ពេល តាមលិខិតលេខ ៩​២៧ សជណ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ស្តីពីការរៀបចំក្រុមការងា​រ​បច្ចេ​ក​ទេសតាក់តែងគោល​នយោ​បាយ​​លុបបំបាត់ជំងឺ​អេដ​ស៍​នៅឆ្នាំ​២០២៥ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨​របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីជាមូលដ្ឋានគ្រឹះស​ម្រា​ប់​​រៀប​ចំ​ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យ​ឆ្លើយ​តប​នឹង​មេរោគអេដស៍និងជំងឺអេដស៍លើកទី៦ តាម​ប្រ​ព័​ន្ធ​ជាតិ​ប្រកប​ដោយ​និរន្តរភាព និងចីរភាព។
*ទី៦៖ អភិបាលរាជធានី ខេត្ត ត្រូវបន្តពង្រឹងយន្តការគ​ណៈកម្មាធិ​ការ​ប្រយុទ្ធនឹងជំងឺអេដស៍នៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់​ឱ្យបានទូទាំងប្រទេសដើម្បីទទួលខុសត្រូវក្នុងភាពជាម្ចាស់ ឆ្លើយ​តបនឹងមេរោគអេដស៍ និងជំងឺអេដ​ស៍នៅមូ​លដ្ឋាន​ឱ្យ​កាន់​តែមានប្រសិទ្ធភាព។
*ទី៦៖ អភិបាលរាជធានី ខេត្ត ត្រូវបន្តពង្រឹងយន្តការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ឱ្យបានទូទាំងប្រទេសដើម្បីទទួលខុសត្រូវក្នុងភាពជា ម្ចាស់ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
*ទី៧៖ ចំពោះបងប្អូនដែលសង្ស័យថាបានឆ្លងមេរោគអេដស៍ ត្រូវរួសរាន់មកទទួលសេវាធ្វើតេស្ដរក មេរោគអេដស៍ ដើម្បីឆាប់ទទួលបានការព្យាបាល ថែទាំ និងរក្សាសុខភាពបានល្អប្រសើរ។
*ទី៨៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល ដៃគូ ជាតិ អន្តរជាតិទាំងអស់ ត្រូវបន្តជួយសហការគាំទ្រ និងលើកទឹកដល់អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍តាមគ្រប់មធ្យោបាយ និងរូបភាព ដើម្បីសុខដុមនីយ៍កម្មសហគមន៍ និងគ្រួសារ។
*ទី៩៖ ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ រាជរដ្ឋាភិបាល និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការជូញដូរ មនុស្ស និងល្បែងស៊ីសងខុសច្បាប់តាមគ្រប់រូបភាព។ ត្រូវបន្តអនុវត្តវិធានការ៣កុំ ៣ការពារ និងរួមគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំងនិងការរីករាលដាលនៃជំងឺ កូវីដ-១៩ នៅតាមអង្គភាពការងារ និងសហគមន៍យើង។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវប្រជា ពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ដែលពុំទាន់បានចុះឈ្មោះបោះឆ្នោតត្រូវប្រញាប់ រួសរាន់ទៅចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនៅតាមឃុំ-សង្កាត់ ឱ្យបានគ្រប់គ្នា។

តាមរបាយការណ៍ឆ្នាំ២០២២នេះ កម្ពុជាកាត់បន្ថយបានការចម្លងមេរោគអេដស៍ថ្មីបានពី២៣០០នាក់ មកត្រឹមប្រហែល១១០០នាក់ក្នុងឆ្នាំ២០២១។ ត្រីមាសទី៣ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន៦៤១៨៤នាក់ (ប្រមាណ៩៩%)ទទួលបានឱសថប្រឆាំងមេរោគអេដស៍)។ អ្នកប្រើគ្រឿងញៀនដោយចាក់ងាយឆ្លងមេរោគអេដស៍មានការធ្លាក់ចុះពីប្រមាណ២៤.៨%នៅឆ្នាំ២០១២ មក១៥.២% ក្នុងឆ្នាំ២០១៧។ សន្ទស្សន៍​នៃ​ការរើសអើង មើលងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍​មាន​ការ​ថយ​ចុះខ្លាំង​ គួរ​ជាទីមោទន:។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកថវិការបស់សម្ដេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអង្គពិធីមាន៖

*ទី១៖ ឧបត្ថម្ភអ្នកផ្ទុកមេរោគអេដស៍ចំនួន៣០នាក់ម្នាក់ៗថវិកា៥ម៉ឺរៀល
*ទី២៖ អ្នកផ្ទុកមេរោគអេដស៍ឡើងមានចំណាប់អារម្មណ៍ចំនួន១នាក់ថវិកា ៥០ម៉ឺនរៀល
*ទី៣៖ ឧបត្ថម្ភសសយក ឧបត្ថម្ភកាកបាទក្រហមចំនួន៣០០នាក់ម្នាក់ៗថវិកា ២ម៉ឺនរៀល
*ទី៤៖ ឧបត្ថម្ភអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងការរៀបចំកម្មវិធីចំនួន៥លានរៀលផងដែរ៕