កម្ពុជាចម្រាញ់រ៉ែមាសបាន ៤ ៨២៥គីឡូក្រាម ក្នុងខេត្ដចំនួន៣


គិតមកដល់ពេលនេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ៤,៨២៥គីឡូក្រាមហើយ នៅទីតាំងចំនួន៤ ដែលក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែមាស នៅក្នុងខេត្ដចំនួន៣ រួមមាន៖ ខេត្តព្រះវិហារ, ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ នេះបើតាមបញ្ជាក់ឲ្យដឹងពី ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល​។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន​នៃក្រសួងរ៉ែ និងថាមពល នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម បានបញ្ជាក់ថា មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៤ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាស នៅក្នុងប្រទេសកម្ពុជា និងទទួលបានលទ្ធផលរួមមាន៖

ទី១៖ ក្រុមហ៊ុន Xing Yuan Kanng Yeak មានទីតាំងនៅតំបន់អូរខ្លិកខ្លក់​ ស្រុកសំបូរ ខេត្តក្រចេះ ចម្រាញ់រ៉ែមាស បានចំនួន២២គីឡូក្រាម ដែលជាមាសទឹក១០ និងលក់ក្នុងប្រទេសកម្ពុជា។

ទី២៖ ក្រុមហ៊ុន Xinshan Industrial Cambodia មានទីតាំងនៅតំបន់ភ្នំម្លុង ឃុំរមទម ស្រុករវៀង ​ខេត្តព្រះវិហារ ចម្រាញ់រ៉ែមាស បានចំនួន៤៥គីឡួក្រាម។

ទី៣៖ ក្រុមហ៊ុន Delcom Kampuchea មានទីតាំងនៅតំបន់ភ្នំអន្លុង ​ស្រុករវៀង ខេត្តព្រះវិហារ ចម្រាញ់រ៉ែមាស បានចំនួន១៦០គីឡូក្រាម។

ទី៤៖ ក្រុមហ៊ុន Renaissance Minerals មានទីតាំងនៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ចម្រាញ់រ៉ែមាស បានចំនួន៤,៥៩៨គីឡូក្រាម។

សូមបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ជាក្រុមហ៊ុនរបស់ប្រទេសអូស្ដ្រាលី និងជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ អាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។

ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ នាពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជាង១ឆ្នាំហើយ៕