ព្រឹកថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayor Forum 2022) ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T. Addressing Challenges Together) នៅសណ្ឋាគារសុខាភ្នំពេញ។

វេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២នេះ គ្រោងនឹងប្រារព្ធធ្វើចំនួន២ថ្ងៃ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ដោយមួយថ្ងៃកន្លះ ជាកិច្ចប្រជុំពិភាក្សា និងកន្លះថ្ងៃជាដំណើរទស្សនកិច្ច។

សូមជម្រាបថា នៅរៀងរាល់ឆ្នាំរាជធានី ឬរដ្ឋធានី នៃបណ្ដាប្រទេសដែលជាម្ចាស់ផ្ទះអាស៊ាន តែងតែរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (Meeting of Governors/Mayors of ASEAN Capitals ហៅកាត់ថា MGMAC)។

កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើលើកជាចុងក្រោយនៅទីក្រុងបាងកក ប្រទេសថៃ នៅឆ្នាំ២០១៩ បន្ទាប់មកទៀត កិច្ចប្រជុំនេះត្រូវបានខកខានមិនបានរៀបចំនៅប្រទេសវៀតណាម និងប្រទេសព្រុយណេ ដោយគ្រាន់តែចេញសេចក្តីថ្លែងការណ៍ពីចំងាយ ដោយសារមូលហេតុ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។ នៅឆ្នាំ២០២២នេះ ដោយប្រទេសកម្ពុជា គឺជាប្រធានប្តូរវេនរបស់អាស៊ាន រដ្ឋបាលរាជធានីភ្នំពេញ មានបំណងនឹងរៀបចំកិច្ចប្រជុំនេះដោយផ្ទាល់ឡើងវិញ។

ទន្ទឹមគ្នានឹងការរៀបចំកិច្ចប្រជុំខាងលើ សមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (United Cities and Local Governments Asia-Pacific ហៅកាត់ថា UCLG ASPAC) តែងតែរៀបចំវេទិកាអភិបាលក្រុងអាស៊ាន ASEAN Mayors Forum_ហៅកាត់ថា AMF) ជារៀងរាល់ឆ្នាំ នៅតាមរាជធានី ឬរដ្ឋធានីនៃប្រទេសជាម្ចាស់ផ្ទះអាស៊ានផងដែរ។ ជាមួយគ្នានេះ សមាគម UCLG ASPAC ក៏បានស្នើសុំមកកាន់រដ្ឋបាលរាជធានីភ្នំពេញ ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអភិបាលក្រុងអាស៊ាននេះផងដែរ។

បន្ទាប់ពីបានពិភាក្សាជាមួយលេខាធិការដ្ឋានសមាគម UCLGASPAC រួចមក រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមយល់ឃើញថា វេទិកាទាំងពីរអាចនឹងរៀបចំនៅរាជធានីភ្នំពេញក្នុងពេលដំណាលគ្នា។

វេទិកា AMF និងកិច្ចប្រជុំ MGMAC នេះ មានសារសំខាន់ក្នុងការអនុញ្ញាតឲ្យបណ្ដារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់រាជធានី ឬរដ្ឋធានី ខេត្ត ក៏ដូចជាក្រុង ស្រុក របស់ប្រទេសជាសមាជិកអាស៊ាន អាចជួបប្រជុំគ្នាជជែកលើបញ្ហាប្រឈម ក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗដែលខ្លួនមាន ដែលជាដំណោះស្រាយអាចយកអនុវត្តបាន ជាពិសេសក្នុងកាលៈទេសៈនៃការស្តារឡើងវិញរបស់ទីក្រុងនីមួយៗ នៅក្រោយវិបត្តិជំងឺកូវីដ១៩។

វេទិកា និងកិច្ចប្រជុំខាងលើនេះ នឹងចូលរួមជំរុញកិច្ចសហប្រតិបត្តិការ សន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មរវាងរដ្ឋបាលមូលដ្ឋាន របស់ប្រទេសជាសមាជិកអាស៊ាន ជាមួយនឹងរដ្ឋបាលមូលដ្ឋាន នៃបណ្ដាប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។ ចំពោះរាជធានីភ្នំពេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជាវិញ វេទិកា និងកិច្ចប្រជុំទាំងពីរខាងលើនឹងផ្ដល់ឱកាសដល់រដ្ឋបាលរាជធានីភ្នំពេញ និងបណ្ដាទីក្រុងនិងខេត្តរបស់កម្ពុជា ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តារាជធានី រដ្ឋធានី និងខេត្ត ក្រុងនៃប្រទេសជាសមាជិកអាស៊ាន។

វេទិកា និងកិច្ចប្រជុំទាំងពីរខាងលើនេះ នឹងក្លាយជាកិច្ចប្រជុំដោយផ្ទាល់លើកដំបូង បន្ទាប់ពីការមានវត្តមាននៃជំងឺកូវីដ១៩ និងការអាក់ខានរៀបចំកិច្ចប្រជុំនៅឆ្នាំ២០២០ និងឆ្នាំ២០២១៕