ឯកឧត្តម ស៊ុន ចាន់ថុល ផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣


ថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកោះធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកោះធំ ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះមានការចូលរួមពីគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ប្រធាន-អនុប្រធាន ក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំទាំង១១ គណៈកម្មាធិការគណបក្សស្រុក ប្រធានសាខាបក្សជុំវិញស្រុក ក្រុមការងារយុវជនគណបក្សស្រុក ក្រុមការងារចលនាស្ត្រីគណបក្សស្រុក ប្រធាន-អនុប្រធានគណបក្សឃុំ សរុបរួមប្រមាណ១៦៧ រូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពការងារចុះជួយមូលដ្ឋានស្រុកកោះធំ និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានណែនាំឱ្យសមាជិកក្រុមការងារគណបក្សចុះជួបប្រជាពលរដ្ឋឱ្យបានដិតដល់ សហការជាមួយបេក្ខជនចាស់ៗ និងជួយផ្សព្វផ្សាយសមិទ្ធផលថ្មីៗរបស់គណបក្សដែលរួមមានដូចជា៖ រូបភាពគម្រោងប្លង់សាងសង់មន្ទីរពេទ្យតេជោសែនស្រុកកោះធំ គម្រោងស្តារជួសជុលផ្លូវជាតិ និងផ្លូវជាច្រើនខ្សែដែលបានសាងសង់រួចរាល់ ការសាងសង់មណ្ឌលសុខភាពនានានៅស្រុកកោះធំ និងសមិទ្ធផលជាច្រើនផ្សេងទៀត ជាពិសេសផ្សព្វផ្សាយពីភាពជោគជ័យដ៏ត្រចះត្រចង់នៃយុទ្ធសាស្ត្រចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលនេះជាជោគជ័យដ៏ធំធេងបើប្រៀបធៀបនឹងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក កម្ពុជាឈរលំដាប់លេខរៀងទី៣ ដែលជាអត្រាខ្ពស់ខ្លាំង ធ្វើឱ្យអ្នកស្លាប់ និងអ្នកឈឺដោយសារជំងឺកូវីដ-១៩បានថយចុះយ៉ាងច្រើន ឈានទៅបើកប្រទេសជាតិឡើងវិញយ៉ាងទូលំទូលាយសំដៅឱ្យសេដ្ឋកិច្ច ជាតិយើងងើបឡើងវិញ ក៏ដូចជាផ្តល់ឱកាសបង្កើតការងារធ្វើជូនប្រជាពលរដ្ឋយើងឡើងវិញផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តឱ្យសមាជិកក្រុមការងារគណបក្សទាំងអស់ ជួយផ្សព្វផ្សាយអំពីផែនការអភិវឌ្ឍន៍ធំៗឥតឈប់ឈររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជន ជូនប្រជាពលរដ្ឋ តួយ៉ាង មានគម្រោងក្រោមការអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានគម្រោងបើកការដ្ឋានស្ថាបនាសាងសង់ ផ្លូវជាតិលេខ ៧ , លេខ៣១ , លេខ៣៣ , លេខ៤១ , លេខ២៣ ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងបានកំពុងសិក្សាផ្លូវដែកភាគខាងជើង រថភ្លើងល្បឿនលឿន (ប៉ោយប៉ែត-ភ្នំពេញ) និងសមិទ្ធផលជាច្រើនទៀត។ល។

ជាទីបញ្ចប់ ឯកឧត្តម បានជំរុញឱ្យសមាជិកក្រុមការងារគណបក្សយកផែនការនេះទៅអនុវត្ត ឱ្យបានជោគជ័យ រួបរួមគ្នាទាំងបេក្ខជនចាស់ទាំងបេក្ខជនថ្មីក្នុងគោលដៅតែមួយយកឈ្នះការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជូនបក្សឱ្យបាន ព្រោះនេះជាការបោះឆ្នោត ដ៏សំខាន់ ជួយឱ្យដណ្ដើមបានជោគជ័យជូនគណបក្ស និងអាចបន្តការអភិវឌ្ឍជូនជាតិ និងបន្តជួយប្រជាពលរដ្ឋ ឱ្យកាន់តែមានជីវភាពបានល្អប្រសើរថែមទៀតផងដែរ៕