សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរដល់ទីក្រុងព្រុចសែល ប្រកបដោយសុវត្ថិភាព


នៅម៉ោង ១៖០០នាទីរំលងអាធ្រាត ថ្ងៃទី១៤ ខែធ្នូ ២០២២ ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ត្រូវនឹងម៉ោង ៧៖០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ម៉ោងនៅទីក្រុងភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានបំពេញបេសកកម្ម នៅទីក្រុងប៉ារីស ប្រទេសបារាំង រយៈពេលមួយថ្ងៃរួចមក។

សូមជម្រាបថា ដំណើរអញ្ជើញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងព្រុចស៊ែលនាពេលនេះ គឺដើម្បីចូលរួម និង ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។ ក្រៅពីកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអ៉ឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបជាមួយបណ្ដាមេដឹកនាំមួយចំនួនទៀតផងដែរ នៅក្នុងពេលនៃការស្នាក់នៅក្នុងទីក្រុងព្រុចស៊ែល៕