សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃខួបចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅ នាថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

តាមរយៈសារជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមកោតសរសើរចំពោះភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី បំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុនៃការងារមនុស្សធម៌។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានកាកបាទក្រហមកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សេចក្តីថ្លៃថ្នូរ កិត្តិយស តួនាទីរបស់ស្ត្រីនៅក្នុងសង្គមកាន់តែទូលំទូលាយ ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់រហូត់ទទួលបាននូវការគាំទ្រយ៉ាងក្លៀវក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ខ្ញុំ និងភរិយា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្ដីជ័យមង្គលគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានបញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ និងសូមប្រសិទ្ធពរជ័យជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមជួបប្រទះតែសេចក្តីសុខចម្រើនមានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ និងភរិយា»