គម្រោងពង្រីកព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣


គម្រោងពង្រីកទ្រង់ទ្រាយធំលើព្រលានយន្តហោះ អន្តរជាតិ ខេត្តព្រះសីហនុនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមខ្លឹមសារជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Nicolas Notebeart អគ្គនាយកក្រុមហ៊ុន Vinci Airports របស់បារាំង ដែលជាក្រុមហ៊ុនអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានខេត្តព្រះសីហនុ។

ជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និងលោក Nicolas Notebeart បានធ្វើឡើងអំឡុងពេល សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូទស្សនកិច្ចការងារ នៅប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីវឌ្ឍនភាពនៃភាពជាដៃគូវិនិយោគរបស់ក្រុមហ៊ុន Vinci និងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជា។

«សម្តេចតេជោ បានអបអរសាទរ ក្រុមហ៊ុន Vinci Airports ដែលនាពេលបច្ចុប្បន្ននេះ ទទួលបានកិច្ចសន្យាសម្បទានគ្រប់គ្រងព្រលានយន្តហោះជាង៥០ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និង អាមេរិក ដោយសារបានប្រើប្រាស់គម្រូកិច្ចសន្យាសម្បទាននៅកម្ពុជាដែលកិច្ចសន្យាដំបូងគេបង្អស់ និងគម្រោងពង្រីកទ្រង់ទ្រាយធំព្រលានយន្តហោះ អន្តរជាតិ ខេត្តព្រះសីហនុ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ខាងមុខ»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

នៅក្នុងជំនួប​នោះ លោក Nicolas Notebeart ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្តេចតេជោ ដែលតែងតែផ្តល់សេចក្តីទុកចិត្តដល់ ក្រុមហ៊ុន Vinci ចំពោះភាពជាដៃគូឈ្នះឈ្នះជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំង ពីទសវត្សរ៍ឆ្នាំ១៩៩០រហូតមកទល់នឹងពេលបច្ចុប្បន្នផងដែរ៕