អង្ករជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានយកទៅប្រគល់ជូនគណបក្សស្រុក និងឃុំទាំង១០ ក្នុងស្រុករំដួល សម្រាប់ចែកជូនពលរដ្ឋខ្វះខាត


លោក ប៉េង ពោធិសា អភិបាលរងខេត្តស្វាយរៀង តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បាននាំយកអង្ករដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគណបក្សស្រុក និងគណបក្សឃុំទាំង១០ ក្នុងស្រុករំដួល ចំនួន៦,២០០គីឡូក្រាម។

ថ្លែងក្នុងឱកាសនោះ លោក ប៉េង ពោធិសា បាននាំនូវការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន តែងតែគិតគូពីសុខទុក្ខរបស់ប្រជាជន កង្វល់ទាំងឡាយរបស់ប្រជាជន គឺជាកង្វល់របស់សម្តេចទាំងទ្វេរ និងលោកជំទាវ ដែលជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង។

លោកបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាជ្ញាធរស្រុករំដួលទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្មភាពនៅមូលដ្ឋាន បម្រើ សេវាសាធារណៈជូនពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ នាពេលកន្លងមក ជាការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។ ជាមួយគ្នានេះ លោកបានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរត្រូវបន្តសាមគ្គីភាពគ្នា ចែករំលែកបទពិសោធន៍ សហការគ្នាឲ្យបានល្អដោយកម្ដល់ផលប្រយោជន៍ពលរដ្ឋ និងមូលដ្ឋានជាធំ។

លោក ប៉េង ពោធិសា បានផ្តាំផ្ញើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ នៅមូលដ្ឋានក្នុងស្រុករំដួល ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ គឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា អំណោយរបស់សម្តេចទាំងទ្វេរ តាមរយៈលោកជំទាវ ម៉ែន សំអន បានផ្តល់អង្ករ ជូនដល់គណបក្សស្រុកចំនួន១,០០០គីឡូក្រាម, គណបក្សឃុំទាំង១០ ក្នុងមួយឃុំចំនួន៥០០គីឡូក្រាម សម្រាប់ធ្វើសកម្មភាព ចែកជូនបន្តដល់គ្រួសារគណបក្សប្រជាជន ដែលមានជីវភាពខ្វះខាត និងគ្រួសារដែលទទួលមរណៈភាព និងប្រគេនព្រះសង្ឃនៅ វត្ត២ក្នុងស្រុក ក្នុង១វគ្គ១០០គីឡូក្រាម តាមរយៈគណបក្សស្រុក។

លោក ហែម សុីណា អភិបាលស្រុករំដួល បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានផ្ដល់អង្ករដល់គណបក្សស្រុក និងឃុំចំនួន១០ នៅស្រុករំដួល ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ហើយក្នុងនាមប្រធាគណបក្សស្រុក នឹងយកអង្ករនេះទៅចាត់ចែងធ្វើសកម្មភាព ឲ្យបានចំគោលដៅផងដែរ៕