សម្ដេច សាយ ឈុំ ផ្ញើសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិត របស់មេដឹកនាំឆ្នើម» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក


សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតចូលរួមអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្ដម ដែលសម្ដេចទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិត របស់មេដឹកនាំឆ្នើម» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានបញ្ជាក់ថា «ការទទួលពានរង្វាន់នេះ គឺពិតជាស័ក្តិសមបំផុតចំពោះលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផល ទាំងឡាយដែលបានកើតចេញពីស្នាដៃនៃការដឹកនាំប្រកបដោយកិត្តិបណ្ឌិតឈ្លាសវៃ និងប៉ិនប្រសព្វពោរពេញដោយ ឆន្ទៈមនសិការ ភក្ដីភាពយ៉ាងមុតមាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងការធ្វើពលីកម្មដោយ មិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ស្ថិរភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាព ជូនជាតិមាតុភូមិ និងប្រជាជាតិកម្ពុជា។ ជាពិសេស ស្ថិតក្នុងកាលៈទេសៈដ៏លំបាក នៃការរាតត្បាតពីជំងឺកូវីដ១៩ សម្ដេច បានដាក់ចេញនូវវិធានការណ៍នានា ដើម្បីគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អប្រសើរ និងបានរក្សាអាយុ ជីវិតប្រជាជនពេញមួយប្រទេស។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេច បានធ្វើឱ្យកម្ពុជាទទួលបាន មុខមាត់ដ៏ថ្មីស្រឡាង និងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ក្នុងការដឹកនាំប្រជុំកិច្ចប្រជុំកំពូលអាស៊ានអោយក្លាយ ទៅជាវេទិកាប្រកបដោយសក្តានុពលលើការជជែកពិភាក្សា ដើម្បីដោះស្រាយវិបត្តិនានាក្នុងពិភពលោក»

ជាថ្មីម្ដងទៀត ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់របស់សម្ដេច សូមទទួលបាន សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួន និងទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕