ស្ថានីយចម្រោះទឹកកខ្វក់តម្លៃជាង២២លានដុល្លារ គ្រោងបើកការដ្ឋានសាងសង់ នៅក្រុងកំពង់ចាម នាពេលឆាប់ៗនេះ


បន្ទាប់ពីបានសិក្សាយ៉ាងល្អិតល្អន់របស់ក្រុមប្រឹក្សាបច្ចេកទេស ក្នុងការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បើកកិច្ចប្រជុំពិភាក្សាលើបញ្ហានេះ បានឯកភាព នឹងត្រៀមបើកការដ្ឋានសាងសង់ នាពេលឆាប់ៗនេះ។

លោក ហូ រដ្ឋា មន្ត្រីក្រុមប្រឹក្សាបច្ចេកទេស បានឱ្យដឹងថា គម្រោងនៃការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម បានចុះកិច្ចព្រមព្រៀងនៅក្នុងខែធ្នូ ឆ្នាំ២០២២ ក្នុងគម្រោងចំណាយទឹកប្រាក់ប្រមាណជាង ២២លានដុល្លារ។

លោក ហូ រដ្ឋា បានបន្តថា ការរៀបចំប្រព័ន្ធស្ថានីយចម្រោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម គឺបែងចែកជាតំបន់ ដែលត្រូវប្រមូលទឹកកខ្វក់ចេញពីផ្ទះប្រជាពលរដ្ឋ និងតំបន់អគារពាណិជ្ជកម្ម ចូលទៅក្នុងតំបន់ធំមួយដើម្បីចម្រោះទឹកស្អុយ ដែលអាចយកមកប្រើប្រាស់ស្រោចស្របបាន ដូចជាលក្ខណៈទឹកធម្មជាតិ។ ជាមួយគ្នានោះប្រយោជន៍សម្រាប់ក្រុងកំពង់ចាម និងគ្មានក្លិនស្អុយទេ នៅពេលស្ថានីយចម្រោះទឹកកខ្វក់សាងសង់រួច។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងដំណើរការសាងសង់អាចមានផលប៉ះពាល់លំនៅឋានខ្លះៗ របស់ប្រជាពលរដ្ឋ ដែលតម្រូវឱ្យពួកគាត់ជួយសហការជាមួយនឹងក្រុមការងារ ដើម្បីឱ្យដំណើរការសាងសង់បានទៅដោយរលូនផងដែរ។

ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការបរិច្ឆេទច្បាស់លាស់ នៃដំណើរការសាងសង់ប្រព័ន្ធចម្រោះទឹកក្រខ្វក់នេះ ត្រូវរងចាំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រៀបចំពិធីដើម្បីប្រកាសដាក់ឱ្យដំណើរការ។ ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តកំពង់ចាម ត្រូវតែត្រៀមជាស្រេច ដើម្បីចាប់ផ្ដើមដំណើរការ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់អាជ្ញាធរខេត្តកំពង់ចាម សូមឱ្យត្រៀមរៀបចំធនធានមនុស្សទុកឱ្យហើយ ដើម្បីចូលទៅគ្រប់គ្រងសមិទ្ធផល។ ពីព្រោះបញ្ហានេះ បានកើតមានឡើងតាមបណ្ដាខេត្តផ្សេង ដែលក្រោយពេលទទួលសមិទ្ធផលហើយជួបបញ្ហាក្នុងការរៀបចំធនធានមនុស្សដើម្បីគ្រប់គ្រង។ ដូច្នេះ សម្រាប់ខេត្តកំពង់ចាម សូមឱ្យអាជ្ញាធរជ្រើសរើសមន្ត្រីដើម្បីគ្រោងទុកចូលទៅគ្រប់គ្រង នៅពេលដែលសមិទ្ធផលនោះបានកសាងរួចរាល់ជាស្ថាពរ៕