កម្ពុជា-ចិន សហការគ្នាលើកកម្ពស់គុណភាព ក្នុងការផ្តល់សេវាកម្មទេសចរណ៍ដល់ភ្ញៀវទេសចរចិន


ក្រសួងទេសចរណ៍ និងការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាព ក្នុងការផ្តល់សេវាកម្មទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន ដែលជាការចូលរួមបណ្តុះបណ្តាលទេពកោសល្យជំនាញដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា សែ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ (តំណាង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍) និងលោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប ដែលជាតំណាងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងតំណាងក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងមន្ទីរទេសចរណ៍ខេត្តសៀមរាប ប្រតិបត្តិករទេសចរណ៍ អ្នកជំនាញទេសចរណ៍ សិស្ស និស្សិត សរុបប្រមាណ២០០នាក់។ សិក្ខាសាលានេះក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ដែលបានរៀបចំឡើងស្របពេលវេលានឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក្នុងការជំរុញអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិនមកកាន់កម្ពុជា។

លោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា តាមរយៈសិក្ខាសាលានេះ មិនត្រឹមតែចូលរួមដល់ការបណ្តុះបណ្តាលទេពកោសល្យជំនាញដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ ឱ្យកាន់តែមានសមត្ថភាពនៅក្នុងការផ្តល់សេវាកម្មជូនភ្ញៀវទេសចរនោះទេ ថែមទាំងជាផ្នែកមួយដ៏សំខាន់នៃការចូលរួម និងភាពជាដៃគូជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍។

លោក មាន វ៉ាន់ដេត បានបន្តថា ក្នុងអង្គសិក្ខាសាលាក៏បានកត់សម្គាល់ថា ប្រទេសកម្ពុជា ក្រោមនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម បានឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ចសង្គម និងទេសចរណ៍នៅក្នុងគន្លងប្រក្រតីភាពថ្មីឡើងវិញ រហូតឈានដល់ការទទួលចំណាត់ថ្នាក់ជាប្រទេសដែលអាចបើកសកម្មភាពសេដ្ឋកិច្ចសង្គមលឿនជាងគេ និងជាប្រទេសដែលមានសុវត្ថិភាពសម្រាប់ការទស្សនាចរណ៍ផងដែរ។

ការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍នៅតាមគោលដៅទេសចរណ៍។ ជាមួយនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍ក្នុងនិងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥។

លោកប្រធាននាយកដ្ឋានបានបន្តថា ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពអ្នកជំនាញ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់និងវិជ្ជាជីវៈខ្ពស់នៅក្នុងការផ្តល់សេវាកម្មដល់ទេសចរកាន់តែប្រសើរ និងប្រកបដោយភាពពេញចិត្តដល់ភ្ញៀវ ដែលធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍។

គួរកត់សម្គាល់ថា ក្នុងក្របនៃការងារបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍ទាំងបរិមាណ និងគុណភាព ជាពិសេសក្រសួងទេសចរណ៍បានមើលឃើញច្បាស់ពីសារៈសំខាន់នៅក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងព័ត៌មាន ជួយដល់ការរៀបចំបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍តាមរយៈប្រព័ន្ធអនឡាញ ដោយបានបង្កើតប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ ដែលមានអាសយដ្ឋាន www.tptd.org ដើម្បីជួយដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាព និងចាប់យកអាជីពជាអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ អាចធ្វើការពង្រឹងសមត្ថភាពទាំងជំនាញចាស់ និងជំនាញថ្មីបន្ថែមបានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងអាចពង្រឹងសមត្ថភាពជំនាញពេញមួយជីវិត។ ជាក់ស្តែង គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ខែធ្នូ ឆ្នាំ២០២២នេះ សិក្ខាកាមសរុបដែលសិក្សាតាមថ្នាក់នៅក្នុងប្រព័ន្ធនេះមានប្រមាណ៦៩,៥៩៥នាក់៕