សម្តេចតេជោ ហ៊ុន សែន គាំទ្របំណងវិនិយោគកែច្នៃសំរាម ទៅជាថាមពល របស់ក្រុមហ៊ុនកូរ៉េខាងត្បូង


ក្រុមហ៊ុន ECOCAM របស់កូរ៉េខាងត្បូង បាននិងកំពុងស្វះស្វែងរកការគាំទ្រ ដើម្បីវិនិយោគកែច្នៃសំរាម ទៅជាថាមពលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសអញ្ជើញចូលជម្រាបលាបញ្ចប់បេសកកម្មការងារជាឯកអគ្គរដ្ឋទូតកូរ៉េនៅកម្ពុជា លោក ប៉ាក ហឹងឃ្យូង ក៏បានឆ្លៀតស្វែងរកការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើគម្រោងខាងលើនេះផងដែរ។

ក្នុងជំនួបជម្រាបលានារសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការគាំទ្រពេញទំហឹង ចំពោះគម្រោងវិនិយោគ កែច្នៃសំរាម ទៅជាថាមពលប្រើប្រាស់នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនធ្វើការជាមួយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលពល ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ។

របាយការណ៍របស់ក្រសួងបរិស្ថាន ធ្លាប់បានឱ្យដឹងថា ក្នុងមួយឆ្នាំ កម្ពុជា បានបង្កើតសំរាមជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមមានជាង ១ម៉ឺននតោនក្នុងមួយថ្ងៃ។ ដោយឡែកនៅរាជធានីភ្នំពេញ សំរាមដែលបង្កើតឡើងមានចន្លោះពី ២,៧០០ ទៅ ៣,០០០តោន ក្នុងមួយថ្ងៃ។ ក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៥៧.៤០% សំណល់ថង់ប្លាសស្ទិក មានប្រមាណ ១៨.១០% សំណល់ក្រដាស ៦% កៅស៊ូ និងស្បែក ០.២% សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨.៣០%។

គម្រោងកែច្នៃសំរាម ទៅជាថាមពលប្រើប្រាស់ ត្រូវបានគេមើលឃើញថា នឹងរួមចំណែកយ៉ាងសំខាន់ដល់បរិស្ថានកម្ពុជា ជាពិសេសគឺបំលែងសំរាម និងកាកសំណល់ទៅជាប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងការប្រើប្រាស់របស់មនុស្ស៕