ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ដ្រីប្រទេសអាល់ហ្សេរី សំដៅលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ


ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសនៃកម្ពុជាប្រចាំអង្គការ OIC នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានចូលជួបសំដែងការគួរសម និង ពិភាក្សាការងារាមួយ លោក អៃមីន ប៊ីន អាប់ឌុលរ៉ោះម៉ាន (Aymen Benabderrahmane) នាយករដ្ឋមន្ត្រីនៃប្រទេសអាល់ហ្សេរី នៅទីក្រុងអាល់ហ្សេ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ ក្នុងដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់លោក មកកាន់ប្រទេសអាល់ហ្សេរី និងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ ថ្នាក់ដឹកនាំកំពូលៗនៃប្រទេសអាល់ហ្សេរី។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូន ពីស្ថានការណ៍នៅកម្ពុជា ដោយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍ ព្រមទាំងបានធ្វើឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ដោយសហគមន៍ឥស្លាម ទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។

លើសពីនោះទៀតនោះ សហគមន៍ឥស្លាមកម្ពុជា ក៏មានឱកាសចូលរួមបម្រើការងារជួររដ្ឋាភិបាល ចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋានជាច្រើនរូប ហើយក្នុងឆ្នាំ ២០១៥ រដ្ឋាភិបាលក៏បានផ្តល់ជូន សហគមន៍ឥស្លាមកម្ពុជានូវគ្រូក្របខ័ណ្ឌរដ្ឋ ចំនួនប្រមាណ១,៥០០នាក់ផងដែរ។

ជាមួយគ្នានោះ លោក អៃមីន ប៊ីន អាប់ឌុលរ៉ោះម៉ាន បានកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានសុខសន្តិភាព គ្មានអំពើហិង្សា គ្មានការរើសអើង មានការរីកចម្រើន ដែលជាគំរូល្អសម្រាប់ពិភពលោក។

ភាគីទាំងពីរបានសម្ដែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអាល់ហ្សេរី-កម្ពុជា នឹងមានភាពកាន់តែរឹងមាំ និងល្អប្រសើរឡើងថែមទៀត៕