អភិបាលខេត្តកែប នាំអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្ត ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ជិត៤០គ្រួសារ នៅស្រុកដំណាក់ចង្អើរ


លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិក សមាជិកាក្រោមឱវាទ និងអាជ្ញាធរពាក់ព័ន្ធបានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ចំនួន៣៧គ្រួសារ មកពីឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ។

ពិធីចែកអំណោយខាងលើនេះ បានរៀបចំធ្វើឡើង នៅក្នុងសាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២២។

នាឱកាសនោះលោកបណ្ឌិត សោម ពិសិដ្ឋ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានល្អប្រសើរឡើង។

អំណោយដែលបានផ្តល់ជូនទាំង៣៧គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, ទឹកសុីអុីវ១យួរ, សង្ក័សីផ្តល់ជូនទៅតាមទំហំនៃការខូចខាតរបស់គ្រួសារនីមួយៗ សរុបមានចំនួន ២៣៩សន្លឹក និងថវិកាមួយចំនួនផងដែរ៕