ឯកឧត្តម ហ៊ុន ម៉ានី ផ្ដួចផ្ដើមគំនិតរៀបចំកម្មវិធីឆ្លងឆ្នាំដ៏ធំមួយ ដែលនឹងប្រារព្ធនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ


ដោយមានគំនិតផ្ដួចផ្ដើមពី ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២៣ ជាមួយប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីឆ្លងឆ្នាំ នៅបរិវេណកីឡដ្ឋានខេត្តតែម្ដង។

កម្មវិធីនេះនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

កម្មវិធីអបអរសាទរឆ្នាំថ្មី ឆ្នាំសកលនេះ នឹងមានកម្មវិធីកម្សាន្ដសប្បាយនានាជាច្រើន ជាពិសេសនឹងរៀបចំឲ្យមានកម្មវិធីធំៗចំនួន ២គឺ៖

*ទី១៖ ការប្រកួតប្រដាល់សេរីគុនខ្មែរ (Khmer Fight) រៀបចំដោយស្ថានីយ៍ទូរទស្សន៍កងយោធិពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី២៨ និង២៩ ខែធ្នូ ឆ្នាំ២០២២ ដែលនឹងមានគូពិសេសៗជាច្រើនទាំងកីឡាករជាតិ និងអន្ដរជាតិមកពី ៥ប្រទេស

*ទី២៖ ការប្រគុំតន្រ្ដីដ៏ធំរៀបចំដោយក្រុមហ៊ុនស្រាបៀ Cambodia ដែលនឹងមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូប។

ជាមួយគ្នានេះ នឹងមានការរាប់ថយក្រោយឆ្លងចូលឆ្នាំថ្មី អមជាមួយដោយការបាញ់កាំជ្រួចអបអរ ដែលរំពឹងថានឹងក្លាយជាពិធីរាប់ថយក្រោយថ៏ធំមួយ ដែលពុំធ្លាប់មានសម្រាប់ខេត្ត។ សូមបងប្អូនអញ្ជើញចូលរួមដោយសេរីដើម្បីរីករាយអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៣ កុំបីអាក់ខាន៕