ផ្ទះ១ខ្នង ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវប្រគល់ជូនអតីតយុទ្ធជនពិការ នៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ


ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី រួមជាមួយអាជ្ញាធរដែនដី នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ បានប្រគល់ខ្នង១ខ្នង ដែលជាផ្ទះទី២៣៤ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈទេសរដ្ឋមន្រ្តីកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិអូរសំបួរ ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកព្រិន្ទបាលឯក អាន ស៊ីម អតីតយុទ្ធជពិការ បានបញ្ជាក់ថា លោកមានអាយុ៦១ឆ្នាំ ឋានន្តរសក្តិព្រិន្ទបាលឯក បានចូលបម្រើកងទ័ព នៅឆ្នាំ១៩៨៣ នៅកងពល២៨៦ ឈរជើងនៅខេត្តបាត់ដំបង ហើយត្រូវបានត្រូវរបួសពិការដាច់ជើងខាងស្តាំនៅឆ្នាំ១៩៨៧ ពេលដែលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិម៉ាឡៃ ខេត្តបាត់ដំបង។

លោកមានភរិយា និងកូននៅក្នុងបន្ទុកចំនួន៥នាក់ ដោយប្រកបរបរធ្វើស្រែដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃគួបផ្សំ និងគោលរបបដែលថ្នាក់លើកំណត់។ ដោយមើលឃើញពីជីវភាពលំបាកខ្វះខាត ទើបគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ជូនគាត់នៅពេលនេះដែលជាខ្នងផ្ទះទី២៣៤ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រីចំនួន១យួរ ត្រីខ ចំនួន០១យួរ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកាមួយចំនួនផងដែរ។

លោកព្រិន្ទបាលឯក អាន ស៊ីម និងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕