ខួប៥ឆ្នាំវិមានឈ្នះឈ្នះ ! ២៤ឆ្នាំនៃគោលនយោបាយ ឈ្នះឈ្នះ និងការបញ្ចប់សង្រ្គាមស៊ីវិលដ៏យូរអង្វែងនៅក្នុងកម្ពុជា គួរត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាប្រទេសអាស៊ាន


ប្រទេសកម្ពុជានឹងបញ្ចប់តួនាទីជាប្រធានអាស៊ានប្តូរវេន នៅចុងឆ្នាំ២០២២នេះ ដែលត្រូវផ្ទេរទៅឲ្យប្រទេសឥណ្ឌូណេស៊ី។ នៅក្នុងតួនាទីជាប្រធានអាស៊ានប្រទេសកម្ពុជា បានស្ថិតនៅក្នុងដំណាក់កាលវិវឌ្ឍន៍បញ្ហាសកលធំៗដែលត្រូវប្រឈម និងដោះស្រាយ រួមទាំងបញ្ហានៅក្នុងតំបន់ពិសេសបញ្ហាដែលបានកើតឡើងនៅក្នុងប្រទេសភូមា រហូតដល់មានចេញសេចក្តីថ្លែងការណ៍មួយ ស្តីអំពីស្ថានភាពនៅភូមា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមក ខណៈដែលប្រទេសជាសមាជិកអាស៊ានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹង ការសម្លាប់ អំពើហិង្សា និងការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

បញ្ហានៅក្នុងប្រទេសភូមា ក៏ត្រូវបានបញ្ជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីប្រជុំ និងដោះស្រាយផងដែរ។

ជាឧទាហរណ៍ចេញពីមេរៀន ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា កាលពី៤៣ឆ្នាំមុន របបខ្មែរក្រហម បានឡើងគ្រប់គ្រងប្រទេសកម្ពុជា រយៈពេលប្រមាណតែជាងបីឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែរបបនេះបានបន្សល់នូវសង្រ្គាម ភាពវឹកវរ អំពើហិង្សា គំនុំ និងភាពបែកបាក់សង្គមយ៉ាងធ្ងន់ធ្ងរ ឲ្យប្រជាជនកម្ពុជា និងមេដឹកនាំជំនាន់ក្រោយដោះស្រាយប្រមាណ ជាង៤ទសវត្សរ៍។ ទោះបីរបបខ្មែរក្រហម បានដួលរលំទៅនៅដើមឆ្នាំ១៩៧៩ ហើយក៏ដោយ ក៏របបនេះបានប្រមូលកម្លាំងរបស់ខ្លួនឡើងវិញ នៅតាមបណ្តោយព្រំដែនជាប់នឹងប្រទេសថៃ និងបានកាន់កាប់តំបន់រដ្ឋបាលនៅតាមបណ្តាខេត្តមួយចំនួនទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ របបខ្មែរក្រហមក៏នៅតែមានការទទួលស្គាល់ និងគាំទ្រពីភាពស្របច្បាប់ពីប្រទេសលោកខាងលិចមួយចំនួន និងជាពិសេសក្នុងចំណោមប្រទេសអាស៊ានខ្លះ ដោយបានធ្វើមិនដឹងមិនឮ ឬមើលរំលងពីភាពសាហាវឃោរឃៅ ដែលក្រុមមេដឹកនាំខ្មែរបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា។ ខ្មែរក្រហមបានធ្វើឲ្យប្រជាជនកម្ពុជាស្លូតត្រង់ប្រមាណជាងពីរលាននាក់បាត់បង់ជីវិត ហើយហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាស្ទើរតែបាត់បង់ទាំងស្រុង។

ការបាត់បង់ដ៏ធំនេះ គឺជាកាតព្ធកិច្ចដ៏ធ្ងន់ធ្ងរដែលប្រជាជនកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា (ក្រោយមកប្តូរមកជា រដ្ឋកម្ពុជា) ដែលត្រូវបានបដិសេធ និងមិនមានអាសនៈនៅក្នុងអង្គការសហប្រជាជាតិ ត្រូវស្តារ និងបង្រួបបង្រួមប្រទេសជាតិដែលបែកបាក់ឡើងវិញ។ ដូច្នេះការដែលនាំមេដឹកនាំខ្មែរក្រហម និងកម្លាំងខ្មែរក្រហមដែលនៅមានការគាំទ្រពីប្រទេសមួយចំនួន និងនៅមានអាវុធនៅដៃនៅឡើយ គឺជាកិច្ចការដ៏លំបាកមួយ និងស្មុគស្មាញ។

ទោះបីយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមមួយត្រូវបានអនុវត្តឡើងដើម្បីនាំក្រុមខ្មែរក្រហមមកចូលរួមជាមួយប្រទេសជាតិវិញ គឺ ១៖ ការធានានូវអាយុជីវិត និងរូបរាងកាយ ២៖ ធានាចំពោះអាជីព និងមុខរបរ និង៣៖ ធានាចំពោះកម្មសិទ្ធិ ចលនទ្រព្យ និងអចលនទ្រព្យ។ គំនិតផ្តួចផ្តើមនេះបានក្លាយទៅជាយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យមានការជឿទុកចិត្តពីក្រុមខ្មែរក្រហម ហើយជាបន្តបន្ទាប់មេដឹកនាំខ្មែរក្រហម និងយោធាខ្មែរក្រហម នៅតំបន់ភ្នំវល្លិ៍ ម៉ាឡៃ ប៉ៃលិន សំឡូត បានធ្វើសមាហរណកម្ម និងចុះចូល។ នួន ជា និង ខៀវ សំផន រួមទាំងមេដឹកនាំយោធានៅតំបន់អន្លង់វែងដែលជាតំបន់រឹងមំាចុងក្រោយរបស់ខ្មែរក្រហម បានចុះចូលជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេច ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ការចុះចូលនេះគឺជាការបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដែលមានរយៈពេលប្រមាណពីរទសវត្សរ៍។

ទោះបីយ៉ាងណា ការចរចាបង្រួបបង្រួម និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ចប់របបខ្មែរក្រហម មិនត្រូវបានគេយល់ឃើញពីសារសំខាន់របស់វានៅក្នុងតំបន់ និងពិភពលោកឡើយ។ ដូច្នេះខ្ញុំគិតថា ការដាក់បញ្ចូលគោលនយោបាយ ឈ្នះ ឈ្នះ នៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំគឺជាប្រយោជន៍ដ៏សំខាន់ ដែលធ្វើឲ្យក្មេងៗយល់ពីតម្លៃនៃសន្តិភាព និងការផ្សះផ្សាជាតិ និងលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យរួបរួមគ្នាដើម្បីអនាគតដ៏ត្រចះត្រចង់។

នយោបាយ ឈ្នះ ឈ្នះ នេះ ក៏គួរត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ាន ស្តីអំពីសិទ្ធិមនុស្ស សហគមន៍ និងពិភពលោកដែរ ព្រោះនយោបាយ ឈ្នះ ឈ្នះ ជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជាដែលធ្វើឲ្យមានការយល់ដឹង និងរួមចំណែកជាមួយមេរៀនប្រវត្តិសាស្រ្តស្តីពីអំពើប្រល័យពូជសាសន៍ សន្តិភាព និងការដោះស្រាយជម្លោះនៅក្នុងតំបន់ និងពិភពលោក។

វិមាន ឈ្នះ ឈ្នះ ត្រូវបានកសាងឡើង និងសម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ មកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប៥ឆ្នាំនៃវិមាន ឈ្នះ ឈ្នះ និងមានរយៈពេល២៤ឆ្នាំ បន្ទាប់ពីការចុះចូលរបស់មេដឹកនាំខ្មែរក្រហម និងកម្លាំងខ្មែរក្រហមទាំងអស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ វិមាន ឈ្នះ ឈ្នះ តំណាងឲ្យសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលប្រជាជនកម្ពុជាត្រូវសិក្សា និងយល់ដឹង៕