ឯកឧត្តម លឹម គានហោ ដឹកនាំកិច្ចប្រជុំពិនិត្យតំបន់មួយចំនួននៃរាជធានីភ្នំពេញ បាន និងកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង


តាមសំណើរបស់ឯកឧត្តមអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ដែលបានស្នើសុំឱ្យក្រសួងធនធានទឺក និងឧតុនិយម ជួយលើការសិក្សា និងរៀបចំបទដ្ឋានបច្ចេកទេសទាក់ទងនឹងការរំដោះទឹកជំនន់នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៧ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំមួយ ដែលមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអភិបាល អភិបាលរងរាជធានីភ្នំពេញ និងមន្ត្រីបច្ចេកទេសមកពីក្រសួង សាលារាជធានីភ្នំពេញ សរុបជាង ១០ រូប ។
ក្រោយពីបានស្តាប់បទបង្ហាញរបស់អ្នកបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីបច្ចេកទេសរបស់សាលារាជធានីភ្នំពេញ រួចមក អង្គប្រជុំពិនិត្យឃើញថា តំបន់មួយចំនួននៃរាជធានីភ្នំពេញ បាន និងកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ក៏ដូចជាជំនន់ស្ទឹងព្រែកត្នោត ។
អង្គប្រជុំបានឯកភាពបង្កើតឡើងនូវក្រុមការងារមួយ ដោយមានសមាសភាពរួមគ្នា ដើម្បីធ្វើការសិក្សាឡើងវិញនូវបញ្ហាប្រឈម និងបទដ្ឋានបច្ចេកទេសដែលត្រូវដោះស្រាយ ។ ការងារនេះ ត្រូវតែរៀបចំ និងចុះអនុវត្តឱ្យបានឆាប់បំផុត ៕